ភ្នំពេញ÷ នៅក្នុងយុទ្ធនាការពង្រឹងសន្តិសុខសង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ព្រមទាំងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។
សកម្មភាពចុះពង្រឹងមូលដ្ឋានផ្ទាល់នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈអភិបាលខណ្ឌមានជ័យក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការគន្លឹះក្នុងការគ្រប់គ្រងសន្តិសុខឱ្យបានហ្មត់ចត់ ដោយផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖
ការផ្សព្វផ្សាយនិងពង្រឹងការយល់ដឹងខាងផ្លូវច្បាប់ ជម្រុញ និងដាស់តឿនដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចគតិយុត្តិ និងការទទួលខុសត្រូវក្នុងការរាយការណ៍ពីវត្តមានជនបរទេសមកអាជ្ញាធរមានសមត្ថកិច្ច។ ការបង្ក្រាបនិងបង្ការទប់ស្កាត់ជាមុន÷ ធ្វើការត្រួតពិនិត្យដោយផ្ទាល់លើឯកសារស្នាក់នៅ លិខិតឆ្លងដែន (Passport) និងប័ណ្ណការងារ (Work Permit) របស់ជនបរទេស ដើម្បីធានាភាពស្របច្បាប់ និងទប់ស្កាត់រាល់បទល្មើសនានាដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។
ធានាឱ្យបានថា ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរួមគ្នារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្កើតភាពសុខសាន្តយ៉ាងពិតប្រាកដនៅក្នុងសហគមន៍។
សកម្មភាពដ៏សកម្ម និងប្រកបដោយវិជ្ជាជីវៈរបស់រដ្ឋបាលខណ្ឌមានជ័យនាពេលនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបង្ហាញពីទំនុកចិត្តលើការដឹកនាំ និងការការពារសន្តិសុខជូនប្រជាពលរដ្ឋជានិច្ចកាល៕ រាយការណ៍÷ដោយ លោក វង់សុខរដ្ឋា ហៅ ប្រមាញ់ ០១

