ខេត្តប៉ៃលិន÷ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើការងារគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការស៊ីវិល ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាប្រចាំឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការដឹកនាំរួមគ្នាដោយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត ដែលដឹកនាំដោយ លោក សេង ភី អនុប្រធានមន្ទីរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យ វាយតម្លៃ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្តមាន ភារកិច្ច ក៏ដូចជាការបែងចែកកម្លាំងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឱ្យចំជំនាញ និងសក្តានុពល ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាសាធារណៈក្នុងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល៕
រាយការណ៍ ដោយ លោកស សារឿន


