ភ្នំពេញ÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខសង្គម គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដែលមានលោក សេង គន្ធ ជាអ្នកដឹកនាំ បានបង្ហាញស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តយុទ្ធនាការចុះអនុវត្តអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា (Online Scams) យ៉ាងមានប្រសិទ្ធភាព។
ជាលទ្ធផល នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការបុកឡុកចំទីតាំងហាងទិញលក់សម្ភារៈអេឡិចត្រូនិចយីហោ “ឡីចា ឌីជីថល” ដែលមានទីតាំងស្ថិតនៅក្នុងបុរីជីបម៉ុង ផ្ទះលេខ២២៨ ផ្លូវCommercial ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ (ជនជាតិចិន ០១នាក់ និងជនជាតិខ្មែរ ០២នាក់) រួមទាំងដកហូតបានវត្ថុតាងជាសម្ភារៈអេឡិចត្រូនិចយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសង្ស័យថាជាឧបករណ៍ត្រៀមបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖
ទូរស័ព្ទដៃ ចំនួន ៦៨២ គ្រឿង
កុំព្យូទ័រ(All in One) ចំនួន ៦២ គ្រឿង
អេក្រង់កុំព្យូទ័រ(Monitor) ចំនួន ២៦ គ្រឿង
កុំព្យូទរយួរដៃ(Laptop) ចំនួន ០៥ គ្រឿង
គ្រឿងម៉ាស៊ីនកុំព្យូទ័រ(CPU) ចំនួន ០៩ គ្រឿង
សកម្មភាពបង្ក្រាបទាន់ពេលវេលានេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ទៅលើស្មារតីទទួលខុសត្រូវ និងការចាត់វិធានការក្តៅរបស់អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញ ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពជូនសង្គមជាតិ។
បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងបន្តចាត់វិធានការទៅតាមនីតិវិធីផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ រាយការណ៍ ដោយ វង់ សុខរដ្ឋាហៅ ប្រមាញ់ ០១

