ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំរួមគ្នាមួយយ៉ាងសំខាន់ ដើម្បីពិភាក្សា និងកំណត់ព្រំប្រទល់រដ្ឋបាលរវាងស្រុកសំពៅលូន ស្រុកបវេល (នៃខេត្តបាត់ដំបង) និងស្រុកម៉ាឡៃ (នៃខេត្តបន្ទាយមានជ័យ)។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយ លោក លៀម សុដា និងលោក ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះដែរ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ក៏បានដឹកនាំសហការី និងមន្ត្រីជំនាញអញ្ជើញចូលរួមយ៉ាងសកម្មផងដែរ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅអគារ B សាលប្រជុំ B2 នៃសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធររដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានភូមិសាស្ត្រជាប់ព្រំប្រទល់គ្នា។
របៀបវារៈនៃកិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការពិនិត្យ ពិភាក្សា និងការផ្ទៀងផ្ទាត់លើការកំណត់ខ្សែបន្ទាត់ព្រំប្រទល់រដ្ឋបាលរវាងស្រុកទាំង៣ នៃខេត្តទាំងពីរ ដើម្បីធានាបាននូវភាពច្បាស់លាស់ ត្រឹមត្រូវ ជៀសវាងការត្រួតស៊ីគ្នា និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាលទ្ធផល អង្គប្រជុំបានជជែកពិភាក្សាគ្នាយ៉ាងលម្អិត ទៅលើទិដ្ឋភាពបច្ចេកទេស និងស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកចំណុចឯកភាពរួមមួយ ក្នុងការសម្របសម្រួលបោះបង្គោលព្រំប្រទល់រដ្ឋបាលឱ្យបានជោគជ័យ និងមានតម្លាភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕អត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

