​រឿងអាស្រូវធំ!អនុប្រធាននគរបាលអន្តរប្រវេសន៍ច្រកភ្នំឌិន លោកជ្រិន ឆាយ រងការចោទប្រកាន់ថាបើកដៃ និងមានឃ្លាំងស្តុបទំនិញគេចពន្ធខ្លួនឯង

ខេត្ត​តាកែវ÷ កំពុងតែល្បីល្បាញ និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញចំណាត់ការខ្សោយនៃច្បាប់ទម្លាប់នៅតាមព្រំដែន បន្ទាប់ពីកម្លាំងជំនាញរកឃើញថា មន្ត្រីមានអំណាចដែលជាអ្នកការពារច្បាប់ បែរជាមកប្រព្រឹត្តបទល្មើសខ្លួនឯងទៅវិញ។ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ចុះឆែកឆេរត្រួតពិនិត្យអនុលោមភាពទំនិញ នៅក្នុងឃ្លាំងស្តុកទំនិញឆ្លងដែនខុសច្បាប់ធំៗចំនួន ៣ទីតាំង ស្ថិតនៅតំបន់ច្រកទ្វារអន្តរជាតិភ្នំឌិន។


​ក្រៅពីកិច្ចប្រតិបត្តិការក្តៅនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ករណីដាច់ដោយឡែកមួយទៀត គឺមន្ត្រីគយចល័តតំបន់២ ក៏បានស្ទាក់ឃាត់ចាប់រថយន្តស៊េរីទួរីសកែច្នៃដឹកទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យនៅលើផ្លូវជាតិលេខ២ បានចំនួន ១២គ្រឿងបន្ថែមទៀតផងដែរ។

​នៅក្នុងប្រតិបត្តិការចុះឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំទាំង ៣កន្លែង របស់មេឈ្មួញដុះស្លែប្រចាំច្រកទ្វារអន្តរជាតិព្រំដែនភ្នំឌិននោះ ក្រុមការងារអន្តរាគមន៍ពិសេស បានរកឃើញទំនិញខុសប្រក្រតីជាច្រើនមុខ ដែលបង់ពន្ធមិនគ្រប់ និងជាពិសេសគឺបានរកឃើញប្រេងគេចពន្ធសរុបជាង ២០០ធុង ដែលគ្មានឯកសារនាំចូលត្រឹមត្រូវឡើយ។ អ្វីដែលធ្វើឲ្យមហាជនហួសចិត្ត និងរិះគន់ចំៗនោះគឺ ម្ចាស់ឃ្លាំងល្មើសច្បាប់ទាំងនោះរួមមាន៖

១.ឃ្លាំងស្តុបទំនិញគេចពន្ធរបស់លោកវរៈសេនីយ៍ឯក ជ្រិន ឆាយ មានតួនាទីជា អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន ដែលត្រូវបានគេស្គាល់ថាជាអ្នកកាង និងនាំទំនិញឆ្លងដែនល្បីឈ្មោះខ្សែក្បាលរឹងជាងគេ។


២.ឃ្លាំងស្តុបទំនិញមេឈ្មួញដុះផ្លែគេចពន្ធឆ្លងដែនឈ្មោះ យាយ ផៃ ស្ថិតនៅភូមិព្រៃតាម៉ៅ។

៣. ឃឃ្លាំងស្តុបទំនិញរបស់មេឈ្មួញគេចពន្ធឆ្លងដែនម្នាក់ទៀតឈ្មោះ ចាន់ រ៉ា នៅក្នុងភូមិព្រៃតាម៉ៅ ក្បែរច្រកទ្វារព្រំដែនភ្នំឌិនដូចគ្នា។
មហាជនបានលើកឡើងជាសំណួរថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ជានាយនគរបាលជាន់ខ្ពស់ (វរសេនីយ៍ឯក) មានតួនាទីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ព្រំដែនជាតិ បែរជាលោក ជ្រិន ឆាយ រងការធ្លាយឈ្មោះថាមានឃ្លាំងស្តុកទំនិញគេចពន្ធ និងធ្វើជាមេឈ្មួញនាំទំនិញខុសច្បាប់ទៅវិញ? ទង្វើបែបនេះ គឺកំពុងតែជាន់ឈ្លីច្បាប់រដ្ឋ បំផ្លាញចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កើតឲ្យមានវប្បធម៌ខ្សែស្រឡាយ ពុករលួយអនាធិបតេយ្យតាមព្រំដែន។ ប្រសិនបើមន្ត្រីការពារច្បាប់ ក្លាយជាអ្នកប្រព្រឹត្តបទល្មើសទៅហើយ តើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធរដ្ឋបាលព្រំដែនយ៉ាងដូចម្តេច?

​ក្រោយបញ្ចប់ការចុះត្រួតពិនិត្យ ក្រុមការងារអន្តរាគមន៍ពិសេសនៃអគ្គនាយកដ្ឋានគយ បានបង្ខំឲ្យម្ចាស់ទំនិញទាំងអស់ត្រូវតែចូលខ្លួនមកបង់ពន្ធបង្គ្រប់ និងរងការផាកពិន័យជាប្រាក់ចូលរដ្ឋយ៉ាងច្រើនក្រាស់ក្រែល។ ដោយឡែក ប្រេងគេចពន្ធជាង ២០០ធុង ត្រូវបានកម្លាំងគយដកហូតរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ទំនិញចូលខ្លួនដោះស្រាយតាមនីតិវិធី។
​ពាក់ព័ន្ធនឹងការចោទប្រកាន់ និងការបង្ក្រាបដ៏កក្រើកខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺលម្អិតពីលោកវរសេនីយ៍ឯក ជ្រិន ឆាយ បាននៅឡើយទេ ដោយសារមិនមានលេខទូរស័ព្ទដើម្បីសាកសួរ។
​អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែនTV”យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ឡើងក្នុងន័យរិះគន់ដើម្បីស្ថាបនា ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គមដ៏ពិតប្រាកដ ជម្រាបជូនមហាជន ជាពិសេសគឺគោរពជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានជ្រាប ដើម្បីមានវិធានការណ៍ត្រួតពិនិត្យ និងវះកាត់មន្ត្រីខិលខូចទាំងឡាយណាដែលយកតួនាទីរដ្ឋទៅបម្រើផលប្រយោជន៍បុគ្គល។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ជានិច្ចរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន