យកចិត្តទុកដាក់ខ្ពស់ស្នងការរងខេត្តតាកែវសហកា រជាមួយអភិបាលស្រុកបាទីដឹកនាំកម្លាំងចុះជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

​ខេត្តតាកែវ÷អនុវត្តតាមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែខិតជិតមូលដ្ឋាន។

​ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ រដ្ឋា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការយ៉ាងជិតស្និទ្ធជាមួយ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងជំរុញសកម្មភាពការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម។ កិច្ចប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅទីតាំងវត្តអង្គតាភោគរាជ្យ ស្ថិតក្នុងភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរភូមិ-ឃុំ សមាជិកក្រុមប្រឹក្សា និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូងផងដែរ។

​សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋាននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដី ក្នុងការបង្កលក្ខណៈងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ដែលជាឯកសារគតិយុត្តដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

​ឆ្លៀតក្នុងឱកាសនោះដែរ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក៏បានអំពាវនាវដល់បងប្អូន ពុកម៉ែប្រជាពលរដ្ឋទាំងអស់ ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬជិតផុតសុពលភាព (ក្នុងរយៈពេល ១៨០ថ្ងៃ) ឬក្មួយៗយុវជនដែលទើបនឹងគ្រប់អាយុ ១៥ឆ្នាំ ពេញ លក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមមេត្តារួសរាន់អញ្ជើញមកថត និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅទីតាំងវត្តអង្គតាភោគរាជ្យ ឱ្យបានគ្រប់ៗគ្នា។

ក្រុមការងារជំនាញនិងរង់ចាំផ្ដល់សេវាជូនចាប់ពីថ្ងៃទី ១២រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ៕
​សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន