ខេត្តកណ្ដាល÷ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្ទុយទៅវិញ នៅតំបន់ច្រកព្រំដែនក្អមសំណ ឯណោះវិញ បែរជាមានការបើកដៃឲ្យមានសង្វៀនល្បែងស៊ីសងដុះស្លែមួយកន្លែង កំពុងដំណើរការយ៉ាងពេញបន្ទុក និងផ្គើននឹងច្បាប់រដ្ឋយ៉ាងអនាធិបតេយ្យ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែន ក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភ និងរាយការណ៍មកថា ទីតាំង កាស៊ីណូ”ថ្មពេជ្រ” កំពុងតែបើកទ្វារយ៉ាងចំហរ ស្វាគមន៍ទាំងពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងចំណោមជនជាតិវៀតណាមដែលលំហូរចូលមកលេងល្បែងទាំងនោះ ខ្លះមានលិខិតឆ្លងដែន (Passport) ត្រឹមត្រូវ និងខ្លះទៀតគ្មានលិខិតស្នាមអ្វីទាំងអស់ ដែលនេះជាការឆ្លុះបញ្ចាំងពីធូររលុងនៃការគ្រប់គ្រងសន្តិសុខតាមព្រំដែន។
នៅក្នុងបរិវេណកាស៊ីណូខាងលើ ត្រូវបានគេដឹងថាមានបង្កប់ទៅដោយល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដូចជា៖ ល្បែងបញ្ចូលមាន់ ដុះស្លែ បៀរ អាប៉ោង និងយូគីជាដើម។ ភាពអនាធិបតេយ្យនៃល្បែងស៊ីសងទាំងនេះ បានបង្កឲ្យមានទំនាស់ពាក្យសម្តី និងអំពើហិង្សាកើតឡើងជាញឹកញាប់ ដែលកំពុងតែបំផ្លាញសេចក្តីសុខសាន្ត និងសណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។
ទោះបីជាមានសកម្មភាពខុសច្បាប់ធំធេង និងបង្កផលប៉ះពាល់ដល់សង្គមយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋបានលើកឡើងទាំងហួសចិត្តថា លោក មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីក្អមសំណ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចស្រុកលើកដែក ហាក់បីដូចជាមើលមិនឃើញ ឬ «មិនហ៊ានប៉ះពាល់» ទីតាំងកាស៊ីណូថ្មពេជ្រនេះឡើយ បណ្តោយឲ្យសង្វៀនល្បែងនេះកើតមានឡើងក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួនយ៉ាងពេញបន្ទុក។
មហាជនកំពុងតែដាក់សញ្ញាសួរថា៖ តើម្ចាស់កាស៊ីណូ”ថ្មពេជ្រ”មានខ្នងបង្អែកក្រាស់ប៉ុណ្ណាទើបអាចបើកល្បែងស៊ីសង
ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងនិងនាំជនបរទេសឆ្លងដែនខុសច្បាប់មកស្រែកហ៊ោរកញ្ជៀវយ៉ាងអាណាធិបតេយ្យបែបនេះ?
តើអាជ្ញាធរមូលដ្ឋានពិតជាមិនដឹងឬមួយក៏មានការ”ត្រូវរ៉ូវគ្នា”ណាមួយនៅពីក្រោយខ្នងទើបបានជារក្សាភាពស្ងៀមស្ងាត់មិនព្រមអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល? ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយចាត់វិធានការក្តៅ ចុះពិនិត្យ និងស្រាវជ្រាវលើទីតាំងកាស៊ីណូ «ថ្មពេជ្រ» នេះជាបន្ទាន់ ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងពង្រឹងច្បាប់រដ្ឋឡើងវិញ ជៀសវាងការបណ្តែតបណ្តោយឲ្យកើតមានបទល្មើសលួចឆក់ប្លន់ និងអំពើហិង្សាកាន់តែធ្ងន់ធ្ងរ ដែលផ្តើមចេញពីវង់ល្បែងមួយនេះ៕
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។



