ខេត្តស្វាយរៀង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងយុទ្ធនាការកម្ចាត់បទល្មើសបច្ចេកវិទ្យាទូទាំងខេត្ត ពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបសំបុកឆបោកអនឡាញមួយកន្លែងយ៉ាងជោគជ័យ។
ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។
កិច្ចប្រតិបត្តិការប្រកបដោយភាពហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់របស់កម្លាំងសមត្ថកិច្ចនាពេលនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ក្នុងការការពារសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាទាន់ពេលវេលា។ ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១០នាក់ (ស្រី ២នាក់)។
វត្ថុតាងដែលដករហូតបានរួមមាន÷
កុំព្យូទ័រលើតុប្រភេទ All-In-One
កុំព្យូទ័រយួរដៃ (Laptop)
ទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់បម្រើឲ្យសកម្មភាពខុសច្បាប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯទីតាំងបន្ទប់ជួលដែលប្រព្រឹត្តិបទល្មើសនោះ ត្រូវបានក្រុមការងារសម្រេចបិទសៀល និងផ្អាកដំណើរការជាបណ្ដោះអាសន្នហើយ៕សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

