អាវុធហត្ថខេត្តបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងស្រុកស្នួលឃាត់ខ្លួនជន់សង្ស័យ ២នាក់ដកហូតថ្នាំញៀនជាង១៧០ក្រាម

​ខេត្តក្រចេះ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងជំនាញអាវុធហត្ថខេត្ត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដោយបានសហការគ្នាយ៉ាងល្អប្រសើរជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រកបដោយជោគជ័យ និងទាន់ចិត្ត។

​ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១២៨ (៩៩៩៩) ស្ថិតក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ ក៏មានការសម្របសម្រួលនីតិវិធីយ៉ាងពេញទំហឹងពី លោក ម៉ៅ គឹមហ៊ួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ផងដែរ។

​ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ជនសង្ស័យចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ រួមជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ថ្លឹង និងវេចខ្ចប់វត្ថុតាងយ៉ាងម៉ត់ចត់ទៅតាមបច្ចេកទេស ដោយដកហូតបាន៖
​ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE) សរុបចំនួន ០៩កញ្ចប់ ដែលមានទម្ងន់សរុបរហូតដល់១៧៣.៧៥ ក្រាម។
​កញ្ចប់ទី១ (ទម្ងន់ ៩៨,០២ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ហុងវិចិត្ត ០៨ កញ្ចប់ទៀត(ទម្ងន់ ៧៥,៧៣ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ប៉ាវ ជ្រឹង (ហៅ មា)។ឯកតាមលទ្ធផលនៃការធ្វើតេស្តទឹកនោម គឺបានបង្ហាញលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) លើជនសង្ស័យទាំង ២នាក់ នេះតែម្តង។

​ការបង្ក្រាបទាន់ពេលវេលានេះ មិនត្រឹមតែជាជោគជ័យថ្មីមួយទៀតរបស់កងរាជអាវុធហត្ថខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការជួយសង្គ្រោះអនាគតយុវជនក្នុងមូលដ្ឋានឲ្យចៀសផុតពីគ្រឿងញៀន ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

​បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ រាយការណ៍÷ដោយលោក សឿន វ៉ាន់ ម៉ាន់លី