ទឹកភ្នែកដូនចាស់និងចៅៗរងគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងខ្ទេច ស្រែករកយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោយជនបង្កក្អេងក្អាងអាងខ្សែតុលាការ

​ខេត្តបាត់ដំបង÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បាននិងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញចំណាត់ការយឺតយ៉ាវរបស់សមត្ថកិច្ច និងចរិតក្អេងក្អាងរបស់ភាគីជនបង្ក ដែលត្រូវបានគេរាយការណ៍ថា បានអាងខ្នងបង្អែក និងខ្សែបណ្តាញក្នុងប្រព័ន្ធតុលាការ ដើម្បីគេចវេសពីការទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះជាដូនចាស់ និងចៅតូចៗដេកទទួលរងទុក្ខវេទនាយ៉ាងខ្លោចផ្សា។
​ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រង់ចំណុចភូមិស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនបង្កត្រូវបានស្គាល់ឈ្មោះថា POV DaIiKa បើករថយន្តក្នុងល្បឿនលឿន (សង្ស័យមានសារធាតុស្រវឹង) បានជ្រុលទៅបុកម៉ូតូដូនចាស់អាយុ ៦២ឆ្នាំ ពេញទំហឹង បណ្តាលឲ្យដួលបោកទៅលើថ្នល់ បាក់ឆ្អឹងជំនីរចំនួន ៣កាំ និងបាក់ឆ្អឹងដងកាំបិត ១កំណាត់ ព្រមទាំងចៅតូចៗ ២នាក់ទៀត រងរបួសធ្ងន់ធ្ងររហូតដល់បាក់ដៃលៀនឆ្អឹងចេញមកក្រៅគួរឲ្យអាសូរ។
​ជុំវិញចំណាត់ការផ្លូវច្បាប់ លោក ឈឿន គឹមសាន អធិការរងទទួលផែនការងារចរាចរណ៍ នៃស្រុកសង្កែ បានបំភ្លឺកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ថា ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចជំនាញមិនបានចុះធ្វើការវាស់វែង ឬឃាត់ខ្លួនជនបង្កដើម្បីពិនិត្យសារធាតុស្រវឹងនោះទេ ដោយសារភាគីទាំងពីរសុំសម្របសម្រួលគ្នាជាមុន។ លោកបន្តថា រហូតដល់ថ្ងៃបន្ទាប់ ទើបការចរចាមិនត្រូវគ្នា ហើយសមត្ថកិច្ចបានចុះទៅវាស់វែង ប៉ុន្តែវាយឺតពេលក្នុងការពិនិត្យជាតិអាល់កុលទៅហើយ។ បច្ចុប្បន្ន សមត្ថកិច្ចបានដោះស្រាយជាហូរហែចំនួនពីរដងរួចមកហើយ តែនៅតែមិនទាន់ត្រូវរ៉ូវគ្នាលើយកម្រិតសំណង។
​ទោះជាយ៉ាងណា យោងតាមការបញ្ជាក់ពីខាងភាគីជនរងគ្រោះ បានសម្តែងការហួសចិត្ត និងឈឺចាប់ជាខ្លាំង ដោយសារតែដំបូងឡើយ នារីបង្កហេតុហាក់មានស្មារតីទទួលខុសត្រូវ ប៉ុន្តែក្រោយមកបែរជាផ្លាស់ប្តូរចរិតក្អេងក្អាង គេចវេសមិនព្រមដោះស្រាយ និងថែមទាំងបោះសម្តីឌឺដងបញ្ឈឺជនរងគ្រោះថា៖
“ចង់ទៅប្ដឹងដល់ណាក៏ប្ដឹងទៅ មិនខ្លាចទេព្រោះមានបងប្អូន និងខ្សែស្រឡាយធ្វើការនៅតុលាការ”។
​ប្រភពដដែលបានបន្តថា ក្រៅពីប្រើសម្តីមើលងាយអ្នកក្រហើយនោះ ភាគីជនបង្កថែមទាំងបានលួចចុះទៅកន្លែងកើតហេតុ ដើម្បីបង្គាប់ឲ្យម្ចាស់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវលុបវីដេអូសកម្មភាពបុកនោះចោលក្នុងបំណងបំផ្លាញភស្តុតាងទៀតផង។ ប៉ុន្តែ ដោយសារទឹកចិត្តអាណិតអាសូរដល់ជនរងគ្រោះ និងចង់ឃើញយុត្តិធម៌សង្គម ម្ចាស់កាមេរ៉ាសុវត្ថិភាពមិនព្រមលុបតាមការគំរាមឡើយ ហើយថែមទាំងបានប្រគល់វីដេអូនោះជូនជនរងគ្រោះទុកជាភស្តុតាងផ្លូវច្បាប់ថែមទៀត។
​ដោយឡែក នារីជាជនបង្កឈ្មោះ POV DaIiKa បានឆ្លើយបដិសេធប្រាប់អ្នកសារព័ត៌មានវិញថា ខ្លួនពិតជាអ្នកបើកបរពិតមែន ប៉ុន្តែមិនបានស្រវឹង ហើយក៏មិនបានអាងខ្នងបង្អែកអ្នកធំដូចការចោទប្រកាន់ដែរ។ នាងអះអាងថា ខ្លួនបានផ្តល់ប្រាក់ចំនួន ៨០០ដុល្លារ ដើម្បីជួយថ្លៃព្យាបាលជំងឺក្នុងន័យបញ្ចប់រឿង ប៉ុន្តែខាងភាគីជនរងគ្រោះមិនព្រមទទួលយក។
​មហាជនមើលឃើញថា ករណីនេះមានភាពមិនប្រក្រតីជាច្រើន ដោយសារតែសមត្ថកិច្ចនគរបាលស្រុកសង្កែ ហាក់បីដូចជាកំពុងបណ្តែតបណ្តោយ និងពន្យារពេលក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយទុកឲ្យរឿងនេះគាំងនៅលើតុ ដែលជាហេតុធ្វើឲ្យជនបង្កកាន់តែបានចិត្ត មិនគោរពច្បាប់ និងមើលងាយជីវិតអ្នកក្រខ្សត់។
​បច្ចុប្បន្ន ទោះបីជាការពឹងពាក់លើផ្លូវច្បាប់ហាក់មានភាពយឺតយ៉ាវយ៉ាងណាក្តី ដូនចាស់វ័យ ៦២ឆ្នាំ រួមទាំងចៅៗ ដែលកំពុងដេកទទួលរងការឈឺចាប់ទាំងកាយនិងចិត្ត ព្រោះតែគ្មានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលបន្ត បានស្រែកអំពាវនាវយ៉ាងទទូចសុំកិច្ចអន្តរាគមន៍ពី លោកឧត្តមសេនីយ៍ទោដាញ់ អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង
ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មេត្តាជួយពិនិត្យមើលសំណុំរឿងនេះ និងផ្តល់ភាពយុត្តិធម៌ដ៏ពិតប្រាកដមួយដល់ពួកគាត់ ដែលជាប្រជាពលរដ្ឋទន់ខ្សោយផង កុំឲ្យអ្នកមានកំហុសអាងតែមានខ្សែកំពូល រួចខ្លួនពីសំណាញ់ច្បាប់បែបនេះឡើយ៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន