ឆ្ងល់ណាស់ព្រំដែនរឹតបន្តឹងតែមេខ្យល់ដឹកពលករធ្លាយដូចទឹក ក្រោយផ្ទុះការរិះគន់ទើបសមត្ថកិច្ចក្របួចបានម្នាក់

​ខេត្តបាត់ដំបង÷មហាជនកំពុងដាក់ការសង្ស័យ និងរិះគន់យ៉ាងខ្លាំង ចំពោះចន្លោះប្រហោងនៃការគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរឹតបន្តឹងសន្តិសុខ ប៉ុន្តែនៅមូលដ្ឋានផ្ទាល់ បែរជាលេចឡើងនូវភាពធូររលុងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា ក្រោយមានការរិះគន់ក្តៅៗលើបណ្តាញសង្គម កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបន្ទាន់ ឈានទៅឃាត់ខ្លួនមេខ្យល់បានម្នាក់ភ្លាមៗផងដែរ។ សសកម្មភាពមេខ្យល់ធ្វើឡើងយ៉ាងរលូនកណ្ដាលថ្ងៃត្រង់។

​យោងតាមប្រភពព័ត៌មាន និងវីដេអូដែលបានបែកធ្លាយ កាលពីវេលាម៉ោង ១០:៤៨នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរចំនួន ៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។
ស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចនេះ គឺជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ នៃវរៈការពារព្រំដែនគោកលេខ ៨១៧។ មហាជនដាក់សំណួរចំពោះតួនាទីកងកម្លាំងសហការ​ក្រៅពីកម្លាំងនគរបាលការពារព្រំដែន មហាជនក៏បានលើកឡើងផងដែរអំពីតួនាទីរបស់កម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងយោធាសឹករងស្រុកភ្នំព្រឹក ដែលជាកម្លាំងអន្តរាគមន៍ និងមានភារកិច្ចស្នូលក្នុងការសហការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។

​ប៉ុន្តែ សកម្មភាពលួចលាក់នាំមនុស្សឆ្លងដែនខាងលើ បែរជាអាចប្រព្រឹត្តទៅបានយ៉ាងរលូន ហាក់បីដូចជាមានចន្លោះប្រហោងធំធេងក្នុងការសហការទប់ស្កាត់ បង្កឱ្យមានការចោទសួរថា៖ “តើកងកម្លាំងការពារពាក់ព័ន្ធដែលមានភារកិច្ចឈរជើងប្រចាំការនៅតំបន់នោះកំពុងធ្វើអ្វី?ឬមួយក៏ធ្វើមិនដឹងមិនឮ?”
​ក្រោយពីមានការរិះគន់ និងបង្ហោះចែកចាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាស្វែងរក និងឈានទៅដល់ការចាប់ក្របួចខ្លួនជនសង្ស័យម្នាក់បាន នៅ វេលាម៉ោង ៨:៣០ នាទីព្រឹកត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ ជនសង្ស័យរូបនេះ ត្រូវបានកំណត់អត្តសញ្ញាណថាជាមេខ្យល់ប្រព្រឹត្តបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយបច្ចុប្បន្នត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនមកចាត់ការតាមនីតិវិធីច្បាប់។

សំណូមពរពីរមហាជន​ទោះបីជាមានការឃាត់ខ្លួនជនសង្ស័យបានម្នាក់ក៏ដោយ មហាជននៅតែសម្តែងការសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តបាត់ដំបង ក៏ដូចជាមេបញ្ជាការកងកម្លាំងគ្រប់ទម្រង់ នឹងមានវិធានការត្រួតពិនិត្យជុំវិញករណីនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

​ពិសេស ត្រូវជម្រុញឱ្យមានការសហការគ្នយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ រវាងកម្លាំងនគរបាលព្រំដែន និងកម្លាំងយោធាសឹករងស្រុកសំពៅលូន-ស្រុកភ្នំព្រឹក ដើម្បីលុបបំបាត់បទល្មើសឆ្លងដែនខុសច្បាប់ឱ្យស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ដោយមិនត្រូវធ្វើឡើងក្នុងលក្ខណៈ “ទាល់តែផ្ទុះការរិះគន់ទើបស្រាវជ្រាវចាប់ខ្លួនបាន។
​សម្រួលអត្ថបទ ដោយ លោក មុត ចិត្រា ហៅប្រម៉ាញ់ជាយដែន