អាជ្ញាធរខណ្ឌមានជ័យសហការជាមួយមន្ត្រីជំនាញកបនចុះបង្ក្រាបទីតាំងស្តុបនិងចែកចាយសាច់បង្កខុសច្បាប់នាំចូលពីប្រទេសថៃ

​រាជធានីភ្នំពេញ÷ ថ្ងៃសៅរ៍១៣រោចខែជេស្ធ ឆ្នាំមមី អដ្ឋ ស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៦កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោសេង គន្ធ បានបើកប្រតិបត្តិការសហការជាមួយ លោក ចាន់ធារៈ អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) រាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យស្តុកសាច់បង្កកខុសច្បាប់មួយកន្លែង។

​ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះផ្ទាល់ទៅកាន់ទីតាំងផ្ទះលេខ ១០២ ផ្លូវលេខ ៧៩ BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរសង្ស័យថា មានការនាំចូល ស្ដុកទុក ចរាចរ និងចែកចាយនូវផលិតផលសាច់បង្កក ដែលមានប្រភពនាំចូលមកពីប្រទេសថៃដោយខុសច្បាប់ និងគ្មានការអនុញ្ញាតត្រឹមត្រូវ។

​គិតមកទល់ពេលនេះ មន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅឡើយ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីទំហំ ឬបរិមាណនៃសាច់បង្កកដែលបានដកហូតនោះទេ។ ចំពោះលទ្ធផលលម្អិតនៃប្រតិបត្តិការនេះ អង្គភាពយើងខ្ញុំនឹងធ្វើការផ្សាយជូនព័ត៌មានជាបន្តបន្ទាប់នៅពេលក្រោយ ភ្លាមៗបន្ទាប់ពីទទួលបានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចជំនាញ៕
រាយការណ៍ ដោយលោក វងសុខរដ្ឋា ហៅ ប្រម៉ាញ់០១