ទាន់ហេតុការណ៍! មុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌក្រសោបជាប់ ត្រៀមបញ្ជូនទៅតុលាការ

​ភ្នំពេញ÷កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
​ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅវេលាម៉ោង ០០:៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញផ្ទាល់ ចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ១០៥ កែងផ្លូវលេខ១៥ ភូមិ០៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
អត្តសញ្ញាណជនសង្ស័យទាំងបីនាក់រួមមាន÷
១.ឈ្មោះ យឹម សំណាង ហហៅដូច ភេទប្រុស អាយុ ២៨ឆ្នាំ។
២.ឈ្មោះ ហេង សសុផានិត ភេទប្រុស អាយុ ៤២ឆ្នាំ។
៣.ឈ្មោះ ចាន់ ពិសិដ្ឋ ហហៅជ្រុយ ភេទប្រុស អាយុ ២៣ឆ្នាំ។
​សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ២ករណី ក្នុងខណ្ឌដូនពេញ៖
​ករណីទីមួយ÷ កើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់យីហោ “Number ១០” ផ្លូវលេខ៩៣ សង្កាត់ស្រះចក។
​ករណីទី ២÷ កើតឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅមុខអាផាតមិន “យៀកថៃ” ផ្លូវលេខ២១៤ សង្កាត់បឹងរាំង។
វត្ថុតាងដើរសមត្ថកិច្ចជំនាញចាប់ដកហូតបានរួមមាន÷
ម៉ូតូម៉ាក Honda zoomer-x
​ម៉ូតូម៉ាក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ
ភ្នំពេញ 1Fz-3391
​ម៉ូតូម៉ាក Suzuki Step ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-8647
​ការបង្ក្រាបទាន់ពេលវេលានេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងនគរបាលជំនាញ ក្នុងការរឹតបន្តឹងវិធានការបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕