ភ្នំពេញ÷សកម្មភាពការដ្ឋានសំណង់ខុសច្បាប់មួយកន្លែង ដែលកំពុងបោះបោរចាក់គ្រឹះសសរបេតុងរំលោភចូលយ៉ាងជ្រៅក្នុងដីចំណីទន្លេ ត្រូវបានប្រជាពលរដ្ឋ និងមហាជនរាយការណ៍មកអង្គភាពសារព័ត៌មានយើង ទាំងការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋ។ ករណីនេះ បានបង្កើតជាសញ្ញាសួរដ៏ធំមួយទៅលើចំណាត់ការ និងភាពតម្លាភាពរបស់អាជ្ញាធរមូលដ្ឋាន។
ជាក់ស្ដែង នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញសកម្មភាពការដ្ឋានខាងលើ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមានគ្រឿងចក្រស្ទូចខ្នាតធំ និងទូកសឡង់ចតនៅក្បែរនោះ ព្រមទាំងមានកម្មករជាច្រើននាក់កំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការបោះសសរគ្រឹះបេតុងលៀនចូលទៅក្នុងផ្ទៃទឹកទន្លេ។
ទីតាំងការដ្ឋានដែលកំពុងរងការរិះគន់នេះ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាភូមិដួង តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជុំវិញករណីនេះ ប្រភពពីប្រជាពលរដ្ឋ និងមហាជនបានដាក់មន្ទិលសង្ស័យ និងរិះគន់ក្នុងន័យស្ថាបនាថា ប្រសិនបើគ្មានការ «ឃុបឃិត» ឬ «បើកភ្លើងខៀវ» ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ តើបុគ្គលដែលមានទ្រព្យសម្បត្តិ និងអំណាច អាចមានសិទ្ធិធ្វើអ្វីៗតាមអំពើចិត្ត លើសពីច្បាប់រដ្ឋបែបនេះបានដែរឬទេ? ព្រោះសំណង់បេតុងដ៏រឹងមាំនេះ មិនត្រឹមតែរំលោភបំពានលើដីចំណីទន្លេយ៉ាងចំហរនោះទេ ប៉ុន្តែវាក៏កំពុងបំផ្លិចបំផ្លាញដល់បរិស្ថាន បំផ្លាញប្រព័ន្ធអេកូឡូស៊ី និងដីច្រាំងទន្លេ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរផងដែរ។
តបនឹងក្តីបារម្ភដ៏ខ្លោចផ្សារបស់ប្រជាពលរដ្ឋខាងលើ មហាជនសូមគោរពសំណូមពរផ្ទាល់ទៅកាន់៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយចាត់មន្ត្រីជំនាញពិនិត្យមើលផលប៉ះពាល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងលំហូរទឹកទន្លេនៅតំបន់នោះ។
ឯកឧត្តម ឃួង ស្រេង អអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់វិធានការក្តៅ ចុះពិនិត្យ និងទប់ស្កាត់ការដ្ឋាននេះឱ្យទាន់ពេលវេលា ដើម្បីថែរក្សាដីចំណីទន្លេដែលជាទ្រព្យសម្បត្តិរដ្ឋ។
អាជ្ញាធរខណ្ឌព្រែកព្នៅ និងស្ថាប័នជំនាញពាក់ព័ន្ធ÷មេត្តាបង្ហាញភាពស្មោះត្រង់ក្នុងការអនុវត្តច្បាប់ កុំបណ្តោយឱ្យមានពាក្យរិះគន់ពីមហាជនថា
“ខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ’ នោះឡើយ ខណៈដែលការដ្ឋាននេះបន្តសកម្មភាពរស់រវើករាល់ថ្ងៃ ដោយគ្មានការរំខាន។
តើការសាងសង់លៀនចូលចំណីទន្លេដ៏ធំធេងនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង-ស្ថាប័នជំនាញដែរឬទេ? ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានយើងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ប្រកបដោយតម្លាភាព ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដោយក្តីសង្ឃឹម និងជឿជាក់។
អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែនTV”
យើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងគោលបំណងតែមួយគត់ គឺឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធបានជ្រាបជាព័ត៌មាន និងមានវិធានការកែលម្អសង្គម។ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់ការដ្ឋានរៀងរាល់ម៉ោងធ្វើការ ស្របតាមរបបច្បាប់ស្តីពីរបបសារព័ត៌មាន។ សូមអរគុណ

