មុខសញ្ញាលួចយ៉ាងសកម្មម្នាក់នៅក្រុងប៉ោយប៉ែត ដែលលួចរហូតដល់៩ដង ត្រូវកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ ព្រមទាំងរកឃើញថ្នាំញៀនជាប់ខ្លួន​

​ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីសមត្ថកិច្ចក្រសោបបានទាំងវត្ថុតាង និងសារធាតុញៀនជាប់ខ្លួន។
​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋថា មានករណីលួចមួយបានកើតឡើងនៅចំណុចអគារមួយកន្លែង ជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។
​ក្រោយទទួលបានព័ត៌មានភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ យូ សុភាព ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។
​នៅក្នុងប្រតិបត្តិការឃាត់ខ្លួននោះដែរ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យ និងបានរកឃើញវត្ថុតាងរួមមាន៖
​ទូរសព្ទដៃចំនួន ០៣ គ្រឿង (ដែលជាផលនៃបទល្មើស)
​ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១.ថង់តូច
​លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា នៅក្នុងវគ្គសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចចូលទៅធ្វើសកម្មភាពលួចសម្ភារៈនៅទីតាំងខាងលើពិតប្រាកដមែន ហើយមិនមែនតែម្តងនោះទេ ពោលគឺរូបគេធ្លាប់បានចូលលួចនៅទីតាំងដដែលនេះចំនួន ០៩ លើក រួចមកហើយនាពេលកន្លងមក។
​ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
​លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងបន្ថែមថា ការបង្ក្រាបករណីខាងលើនេះ គឺទទួលបានការអនុញ្ញាត និងការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី ឯកឧត្តម កើតវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
​បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅដល់ដៃសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីវិនិច្ឆ័យទោសទៅតាមច្បាប់ជាធរមាន៕ រាយការណ៍ ដោយលោក សឿន ហៀរឡុង