ខេត្តបាត់ដំបង÷ប្រជាពលរដ្ឋនៅក្នុងស្រុកសំពៅលូន កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង និងសម្តែងការមិនពេញចិត្តចំពោះករណីសំណង់មួយកន្លែង ដែលត្រូវបានគេសង្ស័យថា «គ្មានលិខិតអនុញ្ញាតសាងសង់» បែរជាកំពុងបន្តសកម្មភាពសាងសង់យ៉ាងគគ្លើន រំលោភលើដីចំណីផ្លូវជាតិលេខ ៥៧ យ៉ាងបំពានច្បាប់។
ហេតុការណ៍នេះ បាននិងកំពុងកើតឡើងនៅត្រង់ចំណុចផ្លូវបត់ចូលផ្សារបុរីស្រីសុបិន ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ យោងតាមប្រភពព័ត៌មាន និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាន បានឱ្យដឹងថា សំណង់នេះបានសង់លយរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋជាង ១០ ម៉ែត្រ ថែមទាំងមានការចាក់ដីកម្រាស់ជិត ១ ម៉ែត្រ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព បរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់។
ជាការកត់សម្គាល់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកបានចាត់អភិបាលរងស្រុក ឱ្យចុះទៅពិនិត្យផ្ទាល់ និងបានចេញបញ្ជាឱ្យផ្អាកសកម្មភាពសំណង់នេះរួចរាល់ហើយ។ ប៉ុន្តែផ្ទុយស្រឡះពីបទបញ្ជារបស់រដ្ឋបាលស្រុក នៅថ្ងៃទី២៩ ខែឧសភានេះ សកម្មភាពសាងសង់នៅតែបន្តដំណើរការយ៉ាងរលូនជិតរួចរាល់ជាស្ថាពរ ហាក់បីដូចជាមិនខ្វល់ខ្វាយ ឬខ្លាចរអាក្រសែភ្នែកច្បាប់ និងអាជ្ញាធរមូលដ្ឋានទាល់តែសោះ។
ជុំវិញករណីសំណង់ខុសច្បាប់នេះ បើផ្អែកលើទិដ្ឋភាពច្បាប់៖ អនុក្រឹត្យលេខ.៨៦ អ ន ក្រ ប ក(ចុះ ថ្ងៃទី ១៩ខែ ធ្នូ ឆ្នាំ ១៩៩៧ ) ស្តីពីលិខិតអនុញ្ញាតសាងសង់ និង អនុក្រឹត្យលេខ ២២៤ អ នក្រ ប ក (ចុះ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០)ស្តីពីការលះបង់ដីចំណីផ្លូវ និងលិខិតអនុញ្ញាតសាងសង់ បានចែងច្បាស់លាស់ពីកាតព្វកិច្ចត្រូវសុំច្បាប់មុនធ្វើការសាងសង់។
យោងតាមច្បាប់ស្ដីអំពីសំណង់ឆ្នាំ ២០១៩ ការសាងសង់ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត ហើយរំលោភលើដីសាធារណៈរបស់រដ្ឋ ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ជា ទោសអន្តរកាល (ចាប់ពី ៤ រៀល ដល់៤០ លានរៀល
សម្រាប់សំណង់លំនៅឋាន ឬរហូតដល់ ៩០ លានរៀល សម្រាប់សំណង់ផ្សេងៗ) ព្រមទាំងតម្រូវឱ្យរំលាយចោល ឬរុះរើសំណង់នោះចេញដោយបង្ខំ និងខាតបង់ថវិកាផ្ទាល់ខ្លួនថែមទៀតផង ប្រសិនបើមិនអនុវត្តតាមការណែនាំ។
ទង្វើបន្តសាងសង់ទាំងបំពាននេះ បានបង្កើតជាសំណួរដេញដោលពីមហាជនថា៖
តតើបុគ្គលម្ចាស់សំណង់ខុសច្បាប់នេះជានរណា? មូលហេតុអ្វីបានជាមានអំណាចជិះសេះលេងដៃលើច្បាប់បែបនេះ ដើម្បីរក្សានូវតម្លាភាព និងវិជ្ជាជីវៈសារព័ត៌មាន អង្គភាពយើងបានព្យាយាមទាក់ទងតាមប្រព័ន្ធទូរសព្ទទៅកាន់លេខ ០៨៨ ៤០ ៥៥៥៥៨ និងលេខ ០៩៦ ២២១ ៥៥៥៥ ចំនួន ២ លើក ដើម្បីសុំការបំភ្លឺពីម្ចាស់សំណង់ ប៉ុន្តែទូរសព្ទចូលហើយពុំមានអ្នកទទួលឡើយ។ ជាមួយគ្នានេះ មហាជនក៏កំពុងរង់ចាំមើលផងដែរថា តើលោក ធួកគឹមថុល ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកសំពៅលូន នឹងមានវិធានការបន្តទប់ស្កាត់ការសាងសង់ដ៏គគ្លើននេះដោយរបៀបណា?
បច្ចុប្បន្ន ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការច្បាប់ជាបន្ទាន់ ដោយក្តីអនុគ្រោះ។
ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង គឺដើម្បីជៀសវាងការមន្ទិលសង្ស័យពីមហាជនថាមាន «អំពើពុករលួយ សំណូកសូកប៉ាន់ ឬការឃុបឃិតគ្នាជាប្រព័ន្ធ» និងដើម្បីជាគំរូដ៏ល្អមួយក្នុងការគោរពច្បាប់ សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
អង្គភាពគេហទំព័រ “ប្រម៉ាញ់ជាយដែន tv” ផ្សព្វផ្សាយព័ត៌មាននេះ ក្នុងន័យរិះគន់ដើម្បីស្ថាបនា និងឆ្លុះបញ្ចាំងតថភាពសង្គមជូនថ្នាក់ដឹកនាំបានជ្រាបតែប៉ុណ្ណោះ។ យើងខ្ញុំរង់ចាំការបកស្រាយ និងឆ្លើយបំភ្លឺពីម្ចាស់សំណង់ ឬអាជ្ញាធរពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ ដើម្បីធានាបាននូវតុល្យភាពព័ត៌មានស្របតាមរបបអ្នកសារព័ត៌មាន៕សូមអរគុណ


