ខេត្តបន្ទាយមានជ័យ÷ក្រោមស្មារតីទទួលខុសត្រូវខ្ពស់លើកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ទៅលើក្រុមស្វ័យប្រវត្តិដែលលួចលាក់ដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនទៅកាន់ប្រទេសថៃ កាលពីវេលាម៉ោង ១៩:៥១ នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចចំការត្រង៉ែន មួយកន្លែង ស្ថិតនៅ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កិច្ចសហការ របស់កម្លាំងចម្រុះ ប្រតិបត្តិការលបកម្ទេចផែនការទុច្ចរិតនេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការតាមដាន ស្រាវជ្រាវ និងក្តោបក្តាប់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយ ពីសំណាក់កម្លាំងជំនាញ ប្រកបដោយវិជ្ជាជីវៈ និងការសម្ងាត់ខ្ពស់បំផុត។
ឈរលើបទបញ្ជាដ៏ម៉ឺងម៉ាត់ ប្រតិបត្តិការដឹកនាំផ្ទាល់ដោយ លោក ស្វាយ ជា
អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ដោយមានការសហការគ្នាយ៉ាងស្អិតរមួត និងរៀបចំយុទ្ធសាស្ត្រយ៉ាងរៀបរយពី លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ រួមជាមួយកម្លាំងយោធាមកពីកងពលតូចលេខ ៥១ និងកងពលតូចលេខ ៥៣។ កិច្ចសហការគ្នាយ៉ាងស៊ីសង្វាក់គ្នារវាងគណៈបញ្ជាការឯកភាពស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានបង្កើតជាខែលការពារព្រំដែនយ៉ាងរឹងមាំ ដែលមិនអនុញ្ញាតឱ្យក្រុមជនល្មើសធ្វើអ្វីៗតាមអំពើចិត្តនោះឡើយ។
“កុកភ្លេចជុង តែជុងមិនភ្លេចកុក”
នេះជាមេរៀនស្រស់ៗដែលសមត្ថកិច្ចស្រុកម៉ាឡៃ បានផ្តល់ជូនក្រុមជួញដូរខុសច្បាប់។ ទោះបីជាពួកឈ្មួញព្យាយាមប្រើប្រាស់ល្បិចកលងងឹត ឬឆ្លៀតឱកាសពេលព្រលប់បិទបាំងភ្នែកសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីខ្សែភ្នែកស្កែនដ៏មុតស្រួច និងការរៀបចំបណ្តាញបង្ក្រាបយ៉ាងហ្មត់ចត់របស់កងកម្លាំងបានដែរ។
ក្រុមឈ្មួញស៊ីឈ្នួលរតបាតជើងសព្រាបចូលព្រៃ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចដករហូត។
ដោយសារតែការបើកមុខព្រួញវាយឆ្មក់លឿនដូចផ្លេកបន្ទោរ យ៉ាងខ្លាំងក្លាពីកម្លាំងសមត្ថកិច្ច ក្រុមកម្មករស៊ីឈ្នួលដឹកជញ្ជូនបានភ័យស្លន់ស្លោ លែងគិតពីទំនិញ រត់បាតជើងសេកបោះប្រាស់អាយុជីវិតចូលទៅក្នុងព្រៃ គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាងនៅនឹងកន្លែងជិតមាត់អូរព្រំដែន រួមមាន៖
ម៉ូតូ ចំនួន ០៦ គ្រឿង (ដែលប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់)។
បារីឆ្លងដែនខុសច្បាប់ ចំនួន ២៦ ប៊ិច និង ៣២ ការ៉ុង (ស្មើនឹងរាប់ពាន់កញ្ចប់)។
បច្ចុប្បន្ន វត្ថុតាងបារី និងម៉ូតូទាំងអស់ ត្រូវបានសមត្ថកិច្ចដកហូតយកមកកសាងសំណុំរឿង និងរក្សាទុកជាបណ្តោះអាសន្ននៅទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ដើម្បីបន្តនីតិវិធីច្បាប់។
មហាជនទន្ទឹងមើលការវែកមុខ”មេខ្លោងកំបាំងមុខ”ដែលបំផ្លាញសេដ្ឋកិច្ចជាតិ
សកម្មភាពលួចលាក់នាំបារីឆ្លងដែនទាំងប្រថុយប្រថាននេះ មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពបំផ្លាញចំណូលថវិកាជាតិ និងបង្កអស្ថិរភាពតាមព្រំដែនយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែភាពលោភលន់របស់ «មេឈ្មួញកំបាំងមុខ» មួយចំនួនតូច ដែលសម្ងំសុខលើគំនរទុក្ខ និងហានិភ័យរបស់កម្មករស៊ីឈ្នួល ឬដឹកជញ្ជូន។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន មានការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការក្តៅរបស់សមត្ថកិច្ច និងបានលំឱនកាយគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
និងគោរពស្នើសុំដល់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ តាមប្រមាញ់ពន្លាតសរសៃញាណ ដើម្បីវែកមុខ ញែកស្បែក ស្វែងរក «មេខ្លោងធំ» ដែលនៅពីក្រោយខ្នងនៃបទល្មើសសេដ្ឋកិច្ចមួយនេះ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានឲ្យខានតែបាន។
សាធារណជនមានទំនុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំខេត្ត និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អត្តសញ្ញាណរបស់មេឈ្មួញខិលខូចទាំងនោះ នឹងត្រូវលាតត្រដាងនៅចំពោះមុខមហាជនក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន ដើម្បីកុំឱ្យពួកវាបន្តធ្វើព្យុះធ្វើភ្លៀង បំពានច្បាប់រដ្ឋដោយគ្មានញញើតបែបនេះទៀតឡើយ៕ អត្ថបទ÷ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន


