ខេត្តប៉ៃលិន÷លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង និងព្រមានជាឱសានវាទដល់ម្ចាស់ទីតាំងដែលទទួលជួលឱ្យភ្ញៀវអន្តរជាតិស្នាក់នៅដោយគ្មានឯកសារស្របច្បាប់ ព្រមទាំងទីតាំងដែលចូលរួមសហការបើកអាជីវកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
នៅក្នុងវិធានការដាច់ណាត់នេះ លោកជំទាវអភិបាលខេត្តបានបញ្ជាក់ថា បើរកឃើញមានជនបរទេសស្នាក់នៅខុសច្បាប់ ម្ចាស់ទីតាំងនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល (ប្រហាក់ប្រហែល ១,០០០ដុល្លារ) ក្នុងម្នាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា បើចំនួនអ្នកស្នាក់នៅខុសច្បាប់មានកាន់តែច្រើន ការពិន័យនឹងត្រូវគុណឡើងតាមនោះដែរ ដោយឡែកច្បាប់នេះក៏ត្រូវបានអនុវត្តចំពោះទីតាំងមួយចំនួនរួចរាល់ហើយដែរ ដោយគ្មានការលើកលែងជាដាច់ខាត។ លើសពីនេះ ប្រសិនបើពិនិត្យឃើញថាមានការសហការបើកទីតាំង Scam Online ទៀតនោះ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌបន្ថែមតាមច្បាប់ជាធរមាន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច ទៅបំផ្លាញកិត្តិយសខេត្ត និងកិត្តិយសជាតិយើងឱ្យសោះ ខ្ញុំនឹងតាមស្រាវជ្រាវបង្ក្រាបគ្រប់ទីកន្លែង។ ខ្ញុំបានសច្ចាធានាជូនសម្ដេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ក្នុងការប្ដេជ្ញាចិត្តចូលរួមសម្អាតអាជីវកម្ម Scam Online ឱ្យអស់ពីខេត្តប៉ៃលិន និងពីកម្ពុជា ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិយសប្រទេសជាតិយើង»។
ទន្ទឹមនឹងនេះ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដល់ម្ចាស់ទីតាំង ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពអន្តរាគមន៍ ឬការសហការបិទបាំង និងការប្រើប្រាស់គ្រប់ល្បិចកលដើម្បីបន្លំខ្លួនតទៅទៀត។ ថ្នាក់ដឹកនាំខេត្តមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាត «ផ្ទះរបស់យើង» ឱ្យបានស្អាត ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរល្អៗ ក៏ដូចជាវិនិយោគិនដែលមានសក្ដានុពលមកបណ្ដាក់ទុន។
ដើម្បីចូលរួមចំណែកជួយដល់ប្រទេសជាតិ និងជួយដល់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងអាចទំនាក់ទំនងផ្ដល់ព័ត៌មាន ឬរាយការណ៍ជុំវិញករណីខាងលើនេះ តាមរយៈលេខទូរស័ព្ទ៖ 097.626.33.73 (ជូនដំណឹងបាន ២៤ម៉ោង លើ ២៤ម៉ោង)៕ដោយលោក ស.សារឿន

