ខេត្តបន្ទាយមានជ័យ÷អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការរឹតបន្តឹង និងជំរុញគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល កម្លាំងនគរបាលស្រុកស្វាយចេក បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុក។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ អុន កា ថន អធិការនគរបាលស្រុកស្វាយចេក។
នៅក្នុងឱកាសចុះអនុវត្តច្បាប់នោះ លោកវរសេនីយ៍ទោ គក់ សុភ័ក្រ្ត អធិការរង និងលោកវរសេនីយ៍ត្រី ដារតន: អធិការរង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យបានចំនួន ០៧នាក់ មកកាន់អធិការដ្ឋាន។ ជាមួយគ្នានោះដែរ វត្ថុតាងដែលដកហូតបានរួមមាន៖
ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ០៧ កូនថង់
ទូរសព្ទដៃ ចំនួន ០៦គ្រឿង
ឧបករណ៍សម្រាប់សេពគ្រឿងញៀន មួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមផ្លូវច្បាប់។
កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់កងកម្លាំងនគរបាលជាតិ ក្នុងការលុបបំបាត់គ្រឿងញៀនពីសហគមន៍ និងការអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋគ្រប់រូបថា៖
“ត្រូវនិយាយថាទេចំពោះគ្រឿងញៀន”
ដើម្បីសុវត្ថិភាពគ្រួសារ និងសង្គមជាតិទាំងមូល៕ ដោយ លោក សឿនហៀ ឡុង

