ខេត្តស្វាយរៀង÷ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅក្នុងបុរី វីឡា ផ្ទះល្វែងសម្រាប់ជួល ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន ៣០នាក់។
ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោពេជ្រ វិរៈស្នងការនគរបាលខេត្តស្វាយរៀង។ ក្នុងនោះដែរ កម្លាំងជំនាញបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងទទួលបានការម្របសម្រួលនីតិវិធីពី លោក ស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៣០នាក់ (ស្រី ០២នាក់) ដែលសុទ្ធសឹងតែជាជនបរទេស រួមមាន៖
ជនជាតិចិន÷ ចំនួន ២៥នាក់ (ស្រី ០១នាក់)
ជនជាតិមីយ៉ាន់ម៉ា÷ ចំនួន ០៥នាក់ (ស្រី ០១នាក់)
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតសម្ភារដែលបម្រើឲ្យសកម្មភាពល្មើសច្បាប់មួយចំនួនធំ រួមមាន៖ កុំព្យូទ័រលើតុប្រភេទ All-In-One, ទូរស័ព្ទដៃ ព្រមទាំងឧបករណ៍បច្ចេកវិទ្យាប្រើប្រាស់ផ្សេងៗទៀត។
វិធានការបន្ត÷បច្ចុប្បន្នជនសង្ស័យទាំង ៣០ នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងបុរីវីឡាដែលប្រព្រឹត្តបទល្មើសនោះ ត្រូវបានក្រុមការងារសម្រេចវាយសៀល (Seal) បិទផ្អាកជាបណ្ដោះអាសន្នហើយ៕ដោយ លោក សឿន ហៀឡុង

