ខេត្តបាត់ដំបង÷ អធិការដ្ឋាននគរបាលស្រុកបាណន់ នៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការបម្រើ និងគាំពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។
សកម្មភាពដ៏ផុសផុលនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោហេង បារាំង អធិការនគរបាលស្រុកបាណន់ ដោយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ តែងតែបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋាន។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងផ្នែកជំនាញ បានសម្រេចនូវលទ្ធផលការងារសំខាន់ៗចំនួនពីរ រួមមាន៖១.ការងារផ្សព្វផ្សាយអប់រំនិងពង្រឹងសន្តិសុខ.កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង, ភ្នំសំពៅ, បាយដំរាំ, ឈើទាល, តាគ្រាម និងប៉ុស្តិ៍កន្ទឺ២ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព» ព្រមទាំងធ្វើការអប់រំខឿនការពារជាតិ អំពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អនុវត្តបានចំនួន ៦លើក អអ្នកចូលរួមសរុប៩៩នាក់ (ក្នុងនោះមានស្រី ៦៧ នាក់)។
២.ការងារផ្ដល់សេវាសាធារណៈនិងសួរសុខទុក្ខពលរដ្ឋទន្ទឹមនឹងនោះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ និងប៉ុស្តិ៍ភ្នំសំពៅ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ និងបាននាំយកសេវាសាធារណៈទៅផ្តល់ជូនដល់កន្លែង។
លទ្ធផល÷ បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់ដៃបានចំនួន ៦០សន្លឹក (ក្នុងនោះស្រី ៣៤ នាក់)។
សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតដងគោមផ្ទះ និងការរួមគ្នាកសាងសហគមន៍មួយប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនា៕ ដោយ លោក សឿនហៀរឡុង

