ភ្នំពេញ÷គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងស្នាក់នៅរបស់ជនបរទេសមួយកន្លែង ដោយរកឃើញ និងបង្ក្រាបបាននូវករណីរក្សាទុក ផលិត និងចែកចាយលិខិតឆ្លងដែន រួមទាំងឯកសាររដ្ឋបាលក្លែងក្លាយរបស់ប្រទេសចិនជាច្រើនករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៥នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅចំណុចផ្ទះលេខ ០៥ ផ្លូវ A០២ ក្នុងបុរី ជីបម៉ុង ហ្គ្រេនភ្នំពេញសុីធី (ផ្លូវ១០១៩) ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃការចុះឆែកឆេរ សមត្ថកិច្ចបានរកឃើញជនជាតិចិនស្នាក់នៅសរុបចំនួន ០៥នាក់ (ប្រុស) ដែលក្នុងនោះមាន ០៣នាក់សង្ស័យថាបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធនឹងការផលិត និងក្លែងបន្លំឯកសារមួយចំនួនធំ រួមមាន៖
លិខិតឆ្លងដែនជនជាតិចិន (សង្ស័យថាក្លែងក្លាយ) ចំនួន ៤៨ ក្បាល
បណ្ណការងារជនបរទេសក្លែងក្លាយ ចំនួន ៤៥ ច្បាប់
ស្ទិកខ័របិទសម្រាប់បញ្ជាក់សុពលភាពទិដ្ឋាការ (Visa) ក្លែងក្លាយ មួយចំនួន
កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០១ គ្រឿង
ត្រាបង្គាប់ការ ចំនួន ០៥ ត្រា
តាំប៉ុងពណ៌ក្រហម ចំនួន ០២ និងទឹកថ្នាំត្រាពណ៌ក្រហម ចំនួន ០៣ ដប
ក្រោយការសាកសួរជាជំហានដំបូង ជនសង្ស័យទាំងនោះត្រូវបានរកឃើញថាមានការពាក់ព័ន្ធយ៉ាងច្បាស់ជុំវិញ «បទល្មើសក្លែងឯកសារសាធារណៈ» (រួមមានការរក្សានិងចរាចរណ៍លិខិតឆ្លងដែនក្លែងក្លាយ, សៀវភៅការងារជនបរទេសក្លែងក្លាយ និងទិដ្ឋាការស្នាក់នៅ ឬ Visa ក្លែងក្លាយរបស់ជនជាតិចិន)។
បច្ចុប្បន្ន ដោយសារមានការអនុញ្ញាតពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារង ជនសង្ស័យជាជនជាតិចិនទាំង ០៥នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

