ខេត្តកំពង់ឆ្នាំង៖ ករណីអំពើឃាតកម្មដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង ១៩:៤០ នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសពីរនាក់បានប្រកាប់គ្នាដោយពូថៅ បណ្តាលឱ្យម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានការជួបជុំផឹកស៊ីមួយវង់ដែលមានគ្នា ៤ នាក់ នៅចំណុចផ្ទះឈ្មោះ សើ សុនី(ហៅអៃ)។
ក្នុងអំឡុងពេលកំពុងផឹកស៊ីយ៉ាងជោគជាំ ស្រាប់តែឈ្មោះ សុះ សាលី (ជនរងគ្រោះដែលស្លាប់) បានដើរមកដល់ក្នុងស្ថានភាពស្រវឹងខ្លាំង ហើយបានពោលពាក្យឌឺដងទៅកាន់ឈ្មោះ នី រ៉វី
ដែលកំពុងដេកលើអង្រឹងក្បែរនោះ។ ឃើញសភាពមិនស្រួល ម្ចាស់ផ្ទះ និងប្រជាការពារភូមិបានចេញមុខមកឃាត់បំបែក រួចដេញឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ដើម្បីបញ្ចៀសជម្លោះ។
សកម្មភាពបង្កហេតុនិងការតដៃទោះបីជាមានការឃាត់បំបែកក៏ដោយ មួយសន្ទុះក្រោយមក ឈ្មោះ សុះ សាលី មិនអស់ចិត្ត ក៏បានកាន់ពូថៅមួយដើមដើរសំដៅទៅផ្ទះរបស់ឈ្មោះ នី រ៉ាវី ។ ឃើញស្ថានការណ៍កាចសាហាវ ម្ចាស់ផ្ទះ (នី រ៉ាវី) បានបិទភ្លើង និងដើរចូលក្នុងផ្ទះដើម្បីគេចចេញពីជម្លោះ ប៉ុន្តែជនរងគ្រោះនៅតែតាមចូលទៅដល់ក្នុងផ្ទះ រួចលើកពូថៅកាប់ទៅលើក្បាលរបស់ឈ្មោះ នី រ៉វី បណ្តាលឱ្យរងរបួស។
ភ្លាមៗនោះ ដោយសារការឈឺចាប់ និងដើម្បីការពារខ្លួន ឈ្មោះ នី រ៉វី ក៏បានស្ទុះទៅយកពូថៅរបស់ខ្លួននៅឯកន្លែងដាំបាយ កាប់តបទៅលើឈ្មោះ ស សាលី វិញ ចំក្រោមគល់ត្រចៀកខាងឆ្វេង បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅក្នុងផ្ទះកើតហេតុនោះតែម្តង។
ក្រោយពីបង្កហេតុរួច ឈ្មោះ នី រ៉វី ដែលរងរបួសក្បាលដែរនោះ បានជិះម៉ូតូទៅលាងរបួស និងដេរនៅមន្ទីរពេទ្យ។ បន្ទាប់ពីទទួលបានរាយការណ៍ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅមន្ទីរពេទ្យ ដើម្បីយកមកសាកសួរ និងបន្តនីតិវិធីច្បាប់។
វត្ថុតាងដែលដកហូតបានរួមមាន÷
ពូថៅចំនួន ០២ ដើម (អាវុធបង្កហេតុ)
ទ្រនាប់ជើងចំនួន ០២ គូ
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរឥស្លាម ចំណែកជនសង្ស័យកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងចាត់ការតាមផ្លូវច្បាប់នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ប្រម៉ាញ់ជាយដែន

