ក្តៅគគុក! បែកធ្លាយភស្តុតាង”ស្ពាន ដែក” ស្រុកកំរៀង ក្លាយជាច្រកសេដ្ឋកិច្ច ងងឹត និងការជួញដូរមនុស្សឆ្លងដែន ខណៈមន្ត្រី បីស្ថាប័នជាប់សង្ស័យ ឃុបឃិត បើកដៃដើម្បីផលប្រយោជន៍បុគ្គល!

ខេត្តបាត់ដំបង÷ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ហាក់កំពុងត្រូវបានមន្ត្រីថ្នាក់ក្រោមមួយចំនួនយកទៅជាន់ឈ្លី ដើម្បីដោះដូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែង យោងតាមភស្តុតាងដែលទម្លាយដោយអង្គភាព SBT News កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហាញឱ្យឃើញនូវភាពអនាធិបតេយ្យនៅចំណុច «ស្ពានដែក» ស្ថិតក្នុងភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

​ប្រភពច្បាស់ការណ៍បានទម្លាយថា ទីតាំងច្រករបៀង «ស្ពានដែក» ដែលស្ថិតនៅខាងក្រោយកាស៊ីណូនោះ កំពុងក្លាយជាច្រកសេដ្ឋកិច្ចងងឹតយ៉ាងសកម្ម។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺ ទីតាំងនេះត្រូវបានគ្រប់គ្រង និងកាន់សោរចេញ-ចូលដោយផ្ទាល់ពីសំណាក់កម្លាំងជំនាញចំនួន ៣ អង្គភាព រួមមាន៖ កម្លាំងនគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កម្លាំងយោធាផ្នែកទំនាក់ទំនងព្រំដែន និងកម្លាំងយោធាកងពល ​សកម្មភាពដែលកំពុងកើតឡើងនៅទីនោះ រួមមានការនាំទំនិញគេចពន្ធ ជាពិសេសបារី និងអ្វីដែលគ្រោះថ្នាក់បំផុតសម្រាប់សន្តិសុខជាតិ គឺការនាំមនុស្សឆ្លងដែនខុសច្បាប់ចេញ-ចូល រវាងកម្ពុជា និងថៃ យ៉ាងរលូនដូចគ្មានច្បាប់ទម្លាប់។

សកម្មភាពទាំងនេះមិនត្រឹមតែជាអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្គើនយ៉ាងធ្ងន់ធ្ងរចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» និងការរឹតបន្តឹងសន្តិសុខតាមព្រំដែន។ ​មហាជនកំពុងដាក់ជាសំណួរទៅកាន់ ឯកឧត្តម សុខ លូ លោកអភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ក៏ដូចជាមេបញ្ជាការអង្គភាពពាក់ព័ន្ធ តើលោកបានជ្រាបដែរឬទេថា កូនចៅក្រោមឱវាទកំពុងយកតួនាទី និងសោរច្រកព្រំដែន ទៅធ្វើជាឧបករណ៍សម្រាប់កេងចំណេញបុគ្គល? ខណៈដែលថ្នាក់ដឹកនាំកំពុងខិតខំទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប៉ុន្តែមន្ត្រីនៅ «ស្ពានដែក» បែរជាបើកដៃឱ្យបទល្មើសកើតឡើងយ៉ាងគ្រហើន។

​សាធារណជនសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំខេត្តបាត់ដំបង នឹងមិនសម្ងំស្ងៀមបណ្តោយឱ្យមន្ត្រី អសកម្មទាំងនោះ បន្តប្រើអំណាច រំលោភលើច្បាប់រដ្ឋទៀតឡើយ។ ល្មមដល់ពេលបើកការស៊ើបអង្កេត និងមានវិធានការវះកាត់មន្ត្រីដែល “ស៊ីខ្ទុះ” ទាំងនោះចេញ ដើម្បីស្តារមុខមាត់កម្លាំងសមត្ថកិច្ច និងធានាបាននូវសន្តិសុខតាមបន្ទាត់ព្រំដែនឱ្យពិតប្រាកដ។ ​យើងនឹងបន្តរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់ចំពោះមន្ត្រីទាំង ៣ ស្ថាប័ននៅច្រក”ស្ពាន ដែក”នេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់កម្រិតណា? អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។