ក្តៅៗ! នគរបាលស្រុកអង្គស្នួលបំបែកសំបុក គ្រឿងញៀន ក្នុងបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រី ៧ នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់

ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ (ស្រី ៣នាក់) កាលពីវេលាម៉ោង ១១:២០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

​លោកវរសេនីយ៍ឯក មានសំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្លោងដែលជាម្ចាស់បន្ទប់ជួលឈ្មោះសឿន ដេវីត ភេទប្រុស អាយុ ២៥ឆ្នាំ ដែលរូបគេគឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពីបទគ្រឿងញៀនរួចមកហើយ។ រួមជាមួយបក្សពួក ៦នាក់ទៀត (ប្រុស ៣ ស្រី ៣) ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ តន់ សុហនីន អាយុ ៣០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។

មុនឈានដល់ការបង្ក្រាបដល់សម្បុក កម្លាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋាន និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូ រួមជាមួយថ្នាំញៀន ១កញ្ចប់។ តាមរយៈការសាកសួរចម្លើយបឋម ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានទិញថ្នាំញៀនពីឈ្មោះ សឿន ដេវីត ទើបកម្លាំងជំនាញបន្តនីតិវិធីចុះទៅឆ្មក់ចូលបន្ទប់ជួល និងឃាត់ខ្លួនបក្សពួកដែលកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀនតែម្ដង។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷
​ថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ (ទម្ងន់ ១.១២ក្រាម)
​ម៉ូតូហុងដាឌ្រីម ១គ្រឿង

​ទូរស័ព្ទដៃ ៥គ្រឿង និងប្រាក់រៀលមួយចំនួន។
​គួរឱ្យកត់សម្គាល់ផងដែរថា នៅពេលសមត្ថកិច្ចចុះទៅដល់ភ្លាម ជនសង្ស័យជាមេខ្លោងបានព្យាយាមបំផ្លាញភស្តុតាង ដោយយកថ្នាំញៀនដែលនៅសល់ចាក់ចូលទៅក្នុងចានបង្គន់ ប៉ុន្តែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ចាត់ការទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ ដោយ មុត ចិត្រាប្រម៉ាញ់ជាយដែន