ក្តៅ! ការប៉ះទង្គិចគ្នាមួយប្រាវដោយអាវុធ នៅខេត្តតាកែវ បង្ក្រាបបាន មេខ្លោងជួញដូរគ្រឿងញៀន និងបក្សពួក ៧ នាក់ ដករហូតកាំភ្លើង បាន ៣ដើម

​ខេត្តតាកែវ÷កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតមានការផ្ទុះអាវុធតដៃពីក្រុមឧក្រិដ្ឋជន បណ្តាលឱ្យសមត្ថកិច្ច ២រូបរងរបួស និងឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
​យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧតមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ, កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប។
​ក្នុងប្រតិបត្តិការនោះ ក្រុមជនសង្ស័យបានប្រើប្រាស់អាវុធបាញ់ស្រោចមកលើសមត្ថកិច្ចមុន ដើម្បីបើកផ្លូវរត់គេចខ្លួនទៅវាលស្រែ ដែលបង្កឱ្យមន្ត្រី ២រូបរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ជាការឆ្លើយតប សមត្ថកិច្ចបានបាញ់ការពារខ្លួន បណ្តាលឱ្យបក្ខពួកជនសង្ស័យម្នាក់រងរបួស និងឈានដល់ការឡោមព័ទ្ធចាប់ខ្លួនបានចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំម្នាក់ឈ្មោះ (រាជ)។
វត្ថុតាងដែលសមត្ថកិច្ចដករហូតបានរួមមាន÷
​អាវុធខ្លីចំនួន ០៣ដើម និងគ្រាប់រំសេវមួយចំនួន។
​គ្រឿងញៀនមួយចំនួនធំ។
​ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង។
​បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ជាធរមាន៕ សម្រួល អត្ថបទ ដោយ លោកមុយ ចិត្រា ប្រម៉ាញ់ជាយដែន