នគរបាលក្រុងប៉ោយប៉ែត បន្តយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវជាតិលេខ ៥ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

​ខេត្តបន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលក្រុង រហូតដល់ចំណុចផ្សារកណ្ដាល និងផ្សារត្រី។
​សកម្មភាពនេះត្រូវបានអនុវត្តឡើងតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពីសំណាក់ លោកវរៈសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត។
​ក្នុងប្រតិបត្តិការនេះ លោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងនាយផ្នែក នាយរងផ្នែក និងមន្ត្រីនគរបាលចរាចរណ៍ ចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បី៖
​កាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ប្រជុំជន។
​សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។
​លើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែត ឱ្យមានរបៀបរៀបរយល្អ។
​ជាលទ្ធផល ការចុះរៀបចំនេះទទួលបានការសហការល្អពីសំណាក់អាជីវករ និងអ្នកធ្វើដំណើរ ដែលធ្វើឱ្យលំហូរចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានភាពល្អប្រសើរជាងមុន៕ អត្ថបទដោយ លោក មុត ចិត្រាប្រម៉ាញ់ជាយដែន