រដ្ឋបាលស្រុកសំពៅលូន ប្រកាស សមាសភាពលេខាធិការដ្ឋាន និងសាខាសមាគមអតីតយុទ្ធជនកម្ពុជាទាំង ៦ឃុំ ដើម្បីពង្រឹងយន្តការការងារឲ្យកាន់តែប្រសើរ

​ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកសំពៅលូន បានរៀបចំពិធីប្រកាសសមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក រួមជាមួយសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំទាំង៦ ចំណុះឱ្យស្រុកសំពៅលូន។
​អង្គពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកសំពៅលូន
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន
លោក ហម សំ ខាន់ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកសំពៅលូន។
​ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ទោ ទឹម វិ ឆ័យ អធិការនគរបាលស្រុកសំពៅលូន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកសមាគមសរុបចំនួន ៩៨ នាក់ (ស្រី ១៨ នាក់)។
​ការប្រកាសសមាសភាពថ្មីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង៖
១.ដើម្បីឱ្យការគ្រប់គ្រង និងការងាររដ្ឋបាលរបស់សមាគមអតីតយុទ្ធជនក្នុងមូលដ្ឋានមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
២. បង្កើនយន្តការចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។
៣.បង្កើនកិច្ចសហការរវាងអាជ្ញាធរស្រុក ឃុំ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់សមាជិកសមាគម។
​ជាកិច្ចបញ្ចប់ គណៈអធិបតីបានផ្តល់អនុសាសន៍ដល់សមាសភាពដែលទើបតែទទួលការតែងតាំងថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចុះជួបសមាជិកនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនអតីតយុទ្ធជនយើងឱ្យបានទាន់ពេលវេលា៕ ដោយ មុត ចិត្រា ប្រម៉ាញ់គេដែន