ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) និងទទួលផលចោរកម្ម ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី នូជីវ័ន ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង។
លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១. ម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ទឹកក្រូច គ្មានស្លាកលេខ ១គ្រឿង (ជារបស់ជនរងគ្រោះ)។
២. ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៨នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស ព្រមទាំងពាក់ព័ន្ធនឹងការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកដមែន។
បច្ចុប្បន្ន ម៉ូតូដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើពិធីប្រគល់ជូនម្ចាស់ដើមវិញ។ ដោយឡែក ជនសង្ស័យទាំង ៨នាក់ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ មុត ចិត្រាប្រម៉ាញ់ជាយដែន

