ក្តុកក្តួល! យុវជនម្នាក់បើកម៉ូតូបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័មនៅស្រុករវៀង


ខេត្តព្រះវិហារ÷យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម ក្រោយពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហើយជ្រុលទៅបុកជាមួយរថយន្តដឹកធ្យូងពេញទំហឹង កាលពីវេលាម៉ោង ០២:២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
​ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៣៨ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
​តាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ហុឺយ៉ាន់ដាយ (Hyundai)ពណ៌ស ពាក់ស្លាកលេខ
កំពង់ចាម 3A-86.71 បើកបរដោយឈ្មោះ និន
រតន:ភេទប្រុស អាយុ ៣៨ឆ្នាំ (មិនមានរងរបួស) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាក ស៊េរីឆ្នាំ២០២៣ សង់សេ១២៥(C125) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ.1S-76.09បើកបរដោយឈ្មោះ លើ  សុខកៀន ភេទប្រុស អាយុ ២៧ឆ្នាំ ជាកសិករ រស់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា (ត្បូងទៅជើង) បានជ្រុលទៅបុកជាមួយរថយន្តពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
​សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីអ្នកបើកបរម៉ូតូមានការធ្វេសប្រហែស និងបើកបរមិនប្រកាន់ស្តាំ ទើបបង្កឱ្យមានគ្រោះថ្នាក់ដ៏អកុសលនេះកើតឡើង។
​បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាលជំនាញស្រុករវៀង នាំខ្លួនទៅសាកសួរបំភ្លឺនៅអធិការដ្ឋាន ចំណែកវត្ថុតាងទាំងសងខាង ត្រូវបានរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕ ដោយ អ៊ុង វ៉ាន់