ថ្នាក់ដឹកនាំស្រុកសំពៅលូន ចុះសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគ បរិភោគជូនកងកម្លាំងប្រជាការពារ ឃុំសន្តិភាព ដើម្បីពង្រឹងស្មារតីការពារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

​ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់កម្លាំងស្ម័គ្រចិត្តដែលកំពុងបម្រើការងារនៅមូលដ្ឋាន នាថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូននូវឯកសណ្ឋាន ព្រមទាំងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការពារឃុំសន្តិភាព ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្តាប់ធ្នាប់។
​ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់៖
១. លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន
២. លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន
៣. លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
៤. លោក ស្រី អ៊ូច ធឿន មេឃុំសន្តិភាព
ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន ៣៥ នាក់។
​នៅក្នុងឱកាសនោះ កម្លាំងប្រជាការពារឃុំសន្តិភាពចំនួន ៨២ នាក់ (ស្រី ០៣ នាក់) បានចូលរួមស្ដាប់នូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការផ្សព្វផ្សាយយ៉ាងស៊ីជម្រៅអំពី គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​ថ្នាក់ដឹកនាំបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់កម្លាំងប្រជាការពារទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ជួយសម្រួលដល់ការងារសមត្ថកិច្ច ក្នុងនាមជា “ដៃជើង” ដ៏រឹងមាំនៅមូលដ្ឋាន។ ដើម្បីជាការតបស្នង និងជួយសម្រាលបន្ទុកជីវភាព ថ្នាក់ដឹកនាំបាននាំយកនូវអំណោយជូនដល់កម្លាំងប្រជាការពារម្នាក់ៗរួមមាន៖
ឯកសណ្ឋានប្រជាការពារ ចំនួន ០១ កំប្លេ (សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការងារ)គ្រឿង ឧបភោកបរិភោគ
មី ០១ កេស, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ និងទឹកសុទ្ធ ០១ យួរ។

​សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវគុណធម៌ និងសបុរធម៌ ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ដែលតែងតែនៅកៀកកិតជាមួយមន្ត្រីថ្នាក់ក្រោម និងកម្លាំងជំនួយ។ ការយកចិត្តទុកដាក់នេះ គឺជាចលករដ៏សំខាន់ក្នុងការជំរុញទឹកចិត្តឱ្យកម្លាំងប្រជាការពារ កាន់តែមានឆន្ទៈមោះមុតក្នុងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទាំងមូល។
​ជាទីបញ្ចប់ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ថា “សន្តិសុខកើតចេញពីការចូលរួមរបស់បងប្អូនទាំងអស់គ្នា” ហើយការសាមគ្គីគ្នារវាងអាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ ឃុំសន្តិភាពស្រុកសំពៅលូន ទាំងមូល។
ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន