ខេត្តពោធិ៍សាត់÷ស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិ កំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ម្ចាស់រថយន្ត និងអាជីវករដឹកជញ្ជូនថា បានប្រែទឹកដីរដ្ឋឱ្យទៅជាកន្លែង «សង្កត់ក» យកលុយពីអ្នករកស៊ី ប្រៀបដូចជាការបើកជញ្ជីងថ្លឹងលុយផ្ទាល់ខ្លួន។
តាមប្រភពពីអ្នកបើកបរ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តលើសពីតួនាទីដែលច្បាប់កំណត់ ដោយតម្រូវឱ្យរថយន្តគ្រប់ប្រភេទបង់លុយជាដាច់ខាត ទោះបីដឹកមិនលើសទម្ងន់ក៏ដោយ។ អ្វីដែលគួរឱ្យឆ្អែតចិត្តបំផុតនោះគឺ «លុយថ្លៃបាយ ទឹក និងកាហ្វេ» ដែលមន្ត្រីទាំងនោះទារដោយគ្មានភាពអៀនខ្មាស វាបានក្លាយទៅជាវប្បធម៌ពុករលួយដ៏រ៉ាំរ៉ៃ ដែលផ្ទុយស្រឡះពីមនសិការជាមន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សពីរដ្ឋ។
ការពារលុយជាប្រព័ន្ធ មិនថាលើសទម្ងន់ ឬមិនលើស គឺត្រូវតែបង់លុយតាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង។
ការបើកដៃពីថ្នាក់លើ រងការចោទប្រកាន់ថា ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬបើកដៃឱ្យមន្ត្រីក្រោមឱវាទធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។
ផលប៉ះពាល់ដល់ហេដ្ធារចនាសម្ព័ន្ធ ដោយសារការជម្រិតទារលុយខ្លាំងពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តបើកវាងតាមផ្លូវលំ និងស្ពានតូចៗ បណ្តាលឱ្យខូចខាតផ្លូវសាធារណៈដែលរដ្ឋចំណាយថវិកាយ៉ាងច្រើនដើម្បីសាងសង់។
មជ្ឈដ្ឋានទូទៅ និងក្រុមអាជីវករ បានលើកជាសំណួរថា តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មានប្រសិទ្ធភាពដល់ស្ថានីយជញ្ជីងស្រុកបាកាននេះដែរឬទេ?
ក្នុងន័យនេះ ក្រុមអ្នករកស៊ីដឹកជញ្ជូន សូមគោរពស្នើដល់ ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន អនុរដ្ឋលេខាធិការនិងអនុប្រធានគណៈកម្មការ សម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស គោរពស្នើសុំឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មេត្តាចាត់វិធានការក្តៅ ចុះស៊ើបអង្កេត និងលុបបំបាត់ភាពមិនប្រក្រតីនៅចំណុចនេះដើម្បីផ្តល់យុត្តិធម៌ដល់អ្នករកស៊ី និងការពារសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។


