ខេត្តស្វាយរៀង÷ ភាពមិនប្រក្រតីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីក្រុមអាជីវករ និងអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងត្រង់ចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ពួកគេបានអះអាងថា ជញ្ជីងរដ្ឋមួយនេះ កំពុងប្រែក្លាយទៅជា «ជញ្ជីងថ្លឹងលុយ» ជាងការអនុវត្តច្បាប់បច្ចេកទេស។
យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញតូចធំ បានទម្លាយឱ្យដឹងថា ការឆ្លងកាត់ស្ថានីយជញ្ជីងនៅចំណុចខាងលើ ប្រៀបដូចជាការជាប់អន្ទាក់លុយកាក់។ អ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តបំផុតនោះគឺ ទោះបីជារថយន្តដឹកមិនលើសទម្ងន់កំណត់ក៏ដោយ ក៏មន្ត្រីប្រចាំការនៅតែប្រើល្បិចរកនឹកចំណុចខ្វះខាត ឬសុំលុយ «ថ្លៃបាយ ទឹក និងកាហ្វេ» ជាប្រចាំរហូតក្លាយជាទម្លាប់ពុករលួយដ៏អាក្រក់។
អាជីវករម្នាក់បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ ពួកគាត់ខំព្យាយាមគោរពច្បាប់ប៉ុន្តែមន្ត្រីជញ្ជីងបែរជាមិនគោរពតួនាទីខ្លួនឯងទៅវិញ ការពាក្យសុំលុយក្រៅផ្លូវការនេះ បានបង្ករសម្ពាធយ៉ាងខ្លាំងដល់ ការរកស៊ីរបស់ពួកគាត់។
ដោយសារតែទ្រាំទ្រនឹងការជម្រិតទារលុយមិនចេះចប់មិនចេះហើយ អ្នកបើកបរមួយចំនួនធំបានសម្រេចចិត្តបើកបរគេចវាងតាមផ្លូវលំ ឬផ្លូវតូចៗក្នុងភូមិវិញ។ ទង្វើនេះមិនត្រឹមតែបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងស្ពានតូចៗដែលមិនមានសមត្ថភាពទ្រទម្ងន់រថយន្តធំៗ ដែលនេះគឺជាការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។
មហាជនកំពុងដាក់សំណួរទៅកាន់ លោកយន់ រស្មី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង ថា តើលោកបានជ្រាបអំពីទង្វើមិនគប្បីរបស់កូនចៅក្រោមឱវាទដែរឬទេ? ហេតុអ្វីបានជាបណ្តោយឱ្យមន្ត្រីនៅស្ថានីយភូមិកំពោតជ្រូក ធ្វើអ្វីៗតាមអំពើចិត្ត បំពានលើគោលការណ៍ក្រសួងបែបនេះ?
ជុំវិញបញ្ហានេះ ក្រុមអ្នករកស៊ី និងអ្នកបើកបរ សូមគោរពស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីសំណាក់៖ឯកឧត្តមប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក សេង ឈួន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស។ឯកឧត្តម ប៉េង ពពោធ៌សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
សាធារណជនរំពឹងថា ថ្នាក់ដឹកនាំនឹងមានវិធានការវះកាត់មន្ត្រីអសកម្ម និងមន្ត្រីដែលយកតួនាទីទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្តារទំនុកចិត្ត និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ១ ឱ្យមានភាពគង់វង្ស ក៏ដូចជាជួយសម្រួលដល់ការរកស៊ីរបស់ប្រជាពលរដ្ឋក្នុងសម័យសេដ្ឋកិច្ចកំពុងជួបការលំបាកនេះ៕
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។


