ក្តៅៗ កម្លាំងយោធាបើកប្រតិបត្តិការយប់រំលងអាធ្រាត្រ បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់៨តោនបម្រុងនាំចេញទៅប្រទេសវៀតណាម

​ខេត្តសៀមរាប÷ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សេងធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប កម្លាំងចម្រុះយោធាបានបើកការបង្ក្រាបទ្រង់ទ្រាយធំមួយ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនមនុស្ស និងរថយន្តដឹកលៀសខុសច្បាប់បានជាបន្តបន្ទាប់។

​កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក ប៊ីរស្មីចន្នី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងភូមិភាគ៥ ដោយបានដាក់ពង្រាយកម្លាំងល្បាតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ ជាលទ្ធផល កម្លាំងជំនាញបានឃាត់រថយន្តចំនួន ២គោលដៅ៖
គោលដៅទី ១ម៉ោង ៥:៣០នាទីព្រឹក​ ឃាត់បានរថយន្តម៉ាក LIBERO (ស្លាកលេខ កំពង់ធំ 3A-3440) ដឹកលៀស ៤តោន។ ក្នុងសកម្មភាពនេះ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។គោលដៅទី ២ ម៉ោង ៨:៣០ នាទីព្រឹកឃាត់បានរថយន្តម៉ាក LIBERO មួយគ្រឿងទៀត (ស្លាកលេខ សៀមរាប 2C-2184) ដឹកលៀស ៤តោនដោយបានឃាត់ខ្លួនទាំងម្ចាស់លៀស (ថៅកែ) និងតៃកុងរថយន្ត។

​វត្ថុតាង÷រថយន្ត ២គ្រឿង និងលៀសសរុបចំនួន ៨តោន (គ្មានលិខិតអនុញ្ញាត)។​ឃាត់ខ្លួនបាន ២នាក់ (បញ្ជូនទៅមន្ត្រីជំនាញតាមនីតិវិធី) និង ១នាក់ទៀតកំពុងរត់គេចខ្លួន។ ចំពោះលៀសទាំង ៨តោន ដែលបម្រុងដឹកនាំចេញទៅប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងយោធាយកទៅប្រលែងចូលក្នុងបឹងទន្លេសាបវិញ ដើម្បីរក្សានិរន្តរភាពធនធានជលផល។

​បច្ចុប្បន្ន រថយន្តល្មើសត្រូវបានរក្សាទុកនៅទីបញ្ជាការស្រាល ដើម្បីចាត់ការតាមច្បាប់ជាធរមាន។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងយោធា ក្នុងការការពារធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប មិនឱ្យមានការជួញដូរខុសច្បាប់ឡើយ។ដោយ ពិន ថន