ខេត្តប៉ៃលិន÷នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការកែលម្អ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅតំបន់រមណីយដ្ឋាន «ជ្រោះសែនសុខ»។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំសោភ័ណភាពតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ និងមានផាសុកភាពសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋបាលខេត្ត ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើតមុខរបរ និងចំណូលពីវិស័យសេវាកម្មទេសចរណ៍។
នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីជំនាញ និងក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងការថែរក្សាបរិស្ថានធម្មជាតិជុំវិញ ដើម្បីធានាថាការអភិវឌ្ឍនេះមាននិរន្តរភាព និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់អ្នកមកកម្សាន្ត។
គួរបញ្ជាក់ថា «ជ្រោះសែនសុខ» គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងខេត្តប៉ៃលិន ដែលកំពុងត្រូវបានយកចិត្តទុកដាក់កែលម្អជាបន្តបន្ទាប់ ដើម្បីប្រែទឹកដីត្បូងពេជ្រមួយនេះ ឱ្យក្លាយជាដែនដីទេសចរណ៍ដ៏មនោរម្យបំផុតសម្រាប់គ្រប់ៗគ្នា៕ ដោយ ស សា រឿន

