បាត់ដំបង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានទទួលបណ្តឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៨ និង ៤០នាទី នៅចំណុចក្រុមទី១៤ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី លួច (ផ្លែចេក) របស់ជនរងគ្រោះឈ្មោះ កាន តុលា ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បង្កឡើងដោយជនសង្ស័យ ចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានធ្វើសកម្មភាពចូលទៅក្នុងចំការចេករបស់ជនរងគ្រោះខាងលើ លួចកាត់ផ្លែចេករបស់ជនរងគ្រោះ ចំនួន ០៨ ស្ទង បម្រុងយកចេញពីក្នុងចំការ ក៏ត្រូវជនរងគ្រោះទៅទាន់ ជនសង្ស័យទាំង០២ នាក់ ក៏បានរត់គេចខ្លួនបាត់ ។
_ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះភ្លាមៗ ក្នុងថ្ងៃកើតហេតុដដែល កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ឆោម មករា ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
_ដកហូតសម្ភារៈវត្ថុតាង៖
-ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាវេវ ពណ៌ក្រហម ខ្មៅ ស៊េរីឆ្នាំ ២០១២
-ផ្លែចេកចំនួន ០៨ ស្ទង បាននៅចំណុចក្រុមទី ១៤ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង ១១ និង ៣០ នាទី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីធ្វើការសាកសួរ ។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ឆោម មករា ភេទប្រុស អាយុ ២៥ ឆ្នាំ បានឆ្លើយសារភាពថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៨ ព្រឹក រូបគេ នឹងឈ្មោះ អឹម រក្សា ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ពិតជាបានធ្វើសកម្មភាពលួចចេក របស់ជនរងគ្រោះ ខាងលើពិតប្រាកដមែន ខណៈពេលកំពុងលួចកាត់ផ្លែចេក ក៏ត្រូវម្ចាស់គេទៅទាន់ ពួកខ្លួនក៏បាននាំគ្នារត់គេចខ្លួនតែម្តង ។
បច្ចុប្បន្ន÷ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនកសាងសំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី។


