ពលករខ្មែរ ប្រុស ស្រី ២៨នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ ទប់ស្កាត់ យកមកអប់រំណែនាំ ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងមានការចង្អុលបង្ហាញពី  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ នៃកអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥  បានសហការជាមួយកម្លាំងយោធា  និង ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ  ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅ ប្រទេសថៃ បានចំនួន២៨នាក់ ក្នុងនោះមានស្រី១៥នាក់។

ពលករខ្មែរ ទាំងនោះ ត្រូវបានទប់ស្កាត់ កាលពីវេលា ម៉ោង១០:១៥នាទី ព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅចំនុចភូមិក្បាលទំនប់  ឃុំអូរសំព័រ  ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ  មួយចំនួនមានស្រុកកំណើត នៅក្នុង ខេត្តបន្ទាយមានជ័យ និងមួយ ចំនួនទៀត មកពី ខេត្តបាត់ដំបង។

កម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ស្រុកម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ  ជាលទ្ធផល  ពលករខ្មែរទាំងនោះ  បានសារភាពថា ពួកគាត់  ត្រូវបានមេខ្យល់នាំយកមក រកផ្លូវបម្រុងលួចឆ្លងដែនទៅប្រទេសថៃ  តែមិនទាន់នឹងបានឆ្លងដែនផង ក៏ត្រូវនគរបាលចុះទប់ស្កាត់ និងយកមកធ្វើការ អប់រំណែនាំតែម្តង។ ហើយនៅល្ងាច ថ្ងៃ ខែ ដដែល ពលរដ្ឋ ទាំងនោះ ត្រូវបានប្រគល់ជូនទៅឱ្យរដ្ឋបាល ខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និង ចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានរៀងខ្លួនវិញ៕