អាងអំណាចបុណ្យស័ក្តិ ជាន់ឈ្លើជីវិតរាស្រ្ត កូនអភិបាលស្រុកម្នាក់ ស្រវឹងបើកបរបុកក្មេងរបួសធ្ងន់ បានប្រើពាក្យសម្ដីអសុរោះបើងាប់សង២ម៉ឺនដុល្លារ


​ភ្នំពេញ÷ភ្លើងកំហឹងបានឆាបឆេះពេញបណ្ដាញសង្គម និងក្នុងចំណោមមហាជន បន្ទាប់ពីមន្ត្រីរាជការម្នាក់ដែលគេស្គាល់ថាជាកូនអភិបាលស្រុក បានបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងស្ថានភាពស្រវឹង រួចប្រើសម្ដីមាក់ងាយដល់តម្លៃជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរថា ការស្លាប់របស់មនុស្សម្នាក់អាចដោះស្រាយបានដោយប្រាក់ត្រឹមតែ ២ ម៉ឺនដុល្លារ។
​ហេតុការណ៍ដ៏រន្ធត់ដែលបង្កឡើងដោយបុគ្គលខ្វះសីលធម៌រូបនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រថយន្តស៊េរីទំនើបម៉ាក FORTHlNG ពាក់ស្លាកលេខពិសេសកម្ពុជាP.YEAN.7 បានបោះពួយបុកម៉ូតូHONDA TODAY បណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតីក្នុងថ្លុកឈាម និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

​អ្វីដែលធ្វើឱ្យមហាជនផ្ទុះកំហឹងខ្លាំងបំផុតនោះ មិនមែនត្រឹមតែជាការបើកបរខ្វះការទទួលខុសត្រូវនោះទេ ប៉ុន្តែគឺជា
ឥរិយាបថមាក់ងាយជីវិតមនុស្សរបស់ជនបង្ក។ តាមសាក្សីនៅកន្លែងកើតហេតុ ជនបង្ករូបនេះបានបោះសម្តីយ៉ាងព្រហើនថា៖ បើស្លាប់ សង២ម៉ឺនដុល្លារ។
ក្នុងនាមជាមន្ត្រីរាជការនិងជាកូនអ្នកមានអំណាច(កូនអភិបាលស្រុក) តើបុគ្គលរូបនេះរៀនសូត្របានកម្រិតណាទើបហ៊ានយកលុយមក។វាស់វែងជាមួយជីវិតមនុស្សបែបនេះ តើសីលធម៌ក្នុងនាមជាអ្នកបម្រើរាស្ត្រនៅឯណា បើគ្រាន់តែជីវិតក្មេងម្នាក់ បុគ្គលនេះមើលឃើញត្រឹមតែជាក្រដាសប្រាក់ទៅវិញ?
​ក្រោយកើតហេតុ ប្រជាពលរដ្ឋរាប់សិបនាក់បានឡោមព័ទ្ធមិនឱ្យសមត្ថកិច្ចនាំខ្លួនជនបង្កចេញឡើយ ដោយបារម្ភថា “អន្តរាគមន៍ខ្នងបង្អែក” នឹងធ្វើឱ្យរឿងនេះរលាយដូចអំបិលត្រូវទឹក។ មហាជនកំពុងដាក់សំណួរយ៉ាងធំទៅកាន់ស្ថាប័នច្បាប់ថា៖
​តើច្បាប់ស្រុកខ្មែរ មានទុកសម្រាប់ដាក់ទោសកូនអ្នកធំដែរឬទេ?
​តើសម្ដី “ងាប់សងលុយ” គួរតែត្រូវបានបន្ថែមទម្ងន់ទោសដែរឬទេ ក្នុងនាមជាការប្រមាថជីវិត?
​តើអភិបាលស្រុកដែលជាឪពុក នឹងមានចំណាត់ការបែបណាលើកូនប្រុសដែលធ្វើឱ្យខូចកិត្តិយសគ្រួសារ និងជាន់ឈ្លីច្បាប់រដ្ឋបែបនេះ?

​បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។ សាធារណជនកំពុងតាមដានយ៉ាងកិតរវាងនូវចំណាត់ការរបស់សមត្ថកិច្ច។ យើងមិនចង់ឃើញយុត្តិធម៌ត្រូវបានទិញដោយប្រាក់ ២ ម៉ឺនដុល្លារនោះទេ ប៉ុន្តែយើងចង់ឃើញ “ការអនុវត្តច្បាប់ស្មើភាពគ្នា” ដើម្បីជាមេរៀនដល់បុគ្គលអាងខ្នង អាងលុយ ឱ្យស្គាល់តម្លៃនៃជីវិតអ្នកដទៃ។ ដោយ វង់ សុខរដ្ឋា ហៅ ប្រម៉ាញ់ ០១