ខេត្តបាត់ដំបង÷អាជ្ញាធរស្រុកសង្កែ បានចាត់វិធានការចុះពិនិត្យ និងបង្គាប់ឱ្យម្ចាស់ដីកាយដីចេញវិញជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានការចាក់ដីរំលោភចូលចំណីស្ទឹងសង្កែ ប្រវែងដល់ទៅ ១០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ។
ក្នុងប្រតិបត្តិការចុះពិនិត្យនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ លោក នាង ច័ន្ទ ថារ៉ាអភិបាលស្រុកសង្កែ រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយម បានពិនិត្យឃើញជាក់ស្ដែងនូវការរំលោភបំពាននេះ។ ជាដំណោះស្រាយ ក្រុមការងារជំនាញបានសម្រេច៖
បង្គាប់ឲ្យម្ចាស់ដីកាយអាចម៌ដីចេញ ដែលចាក់លើស ១០ ម៉ែត្រនោះចេញវិញ។ហើយតម្រូវឲ្យរៀបចំជើងទេច្រាំង ឡើងវិញឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស
អាចម៌ដីដែលកាយចេញ ត្រូវយកទៅចាក់បំពេញទីតាំងដែល ច្រាំងបាក់ដោយធម្មជាតិនៅក្បែរនោះ។
តាមការបំភ្លឺពីម្ចាស់ទីតាំង មូលហេតុនៃការចាក់ដីនេះគឺដើម្បីធ្វើជាចំណតរថយន្តសម្រាប់កម្មវិធីជួបជុំផ្សេងៗ។ ទោះជាយ៉ាងណា លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលស្រុក មិនអនុញ្ញាតឲ្យមានការសាងសង់សំណង់រឹងមាំ នៅលើទីតាំងរំលោភបំពាននេះឡើយ។
ជាចុងក្រោយ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងស្ទឹងសង្កែ សូមបញ្ឈប់ការចាក់ដី ឬសាងសង់សំណង់រំលោភយកចំណីស្ទឹងដែលជាទ្រព្យសម្បត្តិសាធារណៈ ដើម្បីរួមគ្នាថែរក្សាការពារសោភ័ណភាព និងបរិស្ថានស្ទឹងប្រវត្តិសាស្ត្រមួយនេះឱ្យបានគង់វង្ស។ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន

