ខេត្តរតនគិរី÷ករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើង បង្កឡើងដោយមន្ត្រីយោធាម្នាក់ដែលសង្ស័យថាភរិយាមានទំនាក់ទំនងក្រៅក្បត់ ចុងក្រោយសម្រេចចិត្តប្រើគ្រាប់បែកបំផ្ទុះសម្លាប់ភរិយានៅក្នុងបន្ទប់ដេកយ៉ាងអាណោចអាធ័ម ចំណែកឯខ្លួនឯងវិញរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី ខែមិនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអន្តរាគមន៍ដល់ទីតាំងផ្ទាល់។
តាមការបញ្ជាក់ពីសមត្ថកិច្ច អត្តសញ្ញាណអ្នកទាំងពីររួមមាន៖
១. ភរិយាឈ្មោះ រ៉ា វ៉ែនសុភា អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង មុខរបរជាគ្រូបង្រៀន។ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងបន្ទប់ដេក។
២ ស្វាមី ឈ្មោះ កាទ្រិងកើល.អាយុ ៤០ឆ្នាំ ជនជាតិគ្រឹង ជាមន្ត្រីយោធានៅកងពលលេខ១២៨ (ឈរជើងនៅភ្នំទ្រព្យ)។ ជនបង្កបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
យោងតាមប្រភពព័ត៌មានបឋម មូលហេតុដែលឈានដល់ការបំផ្ទុះគ្រាប់បែកនេះ គឺផ្តើមចេញពី ភ្លើងប្រចណ្ឌ ដោយបុរសជាប្តីសង្ស័យថាភរិយាមានសាហាយស្មន់ ទើបបង្កជាជម្លោះយ៉ាងខ្លាំងក្លា និងឈានដល់ការប្រើប្រាស់គ្រឿងផ្ទុះដើម្បីបញ្ចប់បញ្ហា។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច។ ដោយឡែក ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន

