រឿងអាស្រូ វនៅស្រុកព្រៃកប្បាស ក្រុមហ៊ុនបុកគ្រិះរំលោភប្រឡាយសាធារណៈគ្មានច្បាប់ខណៈអាជ្ញាធរ រុញដាក់គ្នាដូចបាល់

​ខេត្តតាកែវ÷កំពុងក្លាយជាប្រធានបទក្តៅគគុក និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន បន្ទាប់ពីលេចធ្លាយករណីក្រុមហ៊ុនឯកជនមួយ បានបុកគ្រឹះសសរបេតុងចូលក្នុងប្រឡាយរំដោះទឹកក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយគ្មានច្បាប់អនុញ្ញាត។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺប្រតិកម្មបែប “លាងខ្លួន” ពីសំណាក់មន្ត្រីពាក់ព័ន្ធ ដែលហាក់បង្ហាញពីភាពទន់ជ្រាយនៃច្បាប់នៅក្នុងតំបន់នោះ។ ​យោងតាមប្រភពព័ត៌មានចុងក្រោយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ការសាងសង់បុកគ្រឹះរំលោភយកដីប្រឡាយរំដោះទឹកនេះ ត្រូវបានគេមើលឃើញថា ជាការបំផ្លាញផលប្រយោជន៍រួមរបស់សហគមន៍។ ពលរដ្ឋបានលើកឡើងថា ទង្វើនេះមិនត្រឹមតែរំលោភច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមួយចំនួន កំពុង “យកច្បាប់ទ្រាប់គូទអង្គុយ” និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ការប្រៀបធៀប ដ៏ឈឺចាប់ច្បាប់ មានសម្រាប់តែអ្នកតូច? ​មហាជនបានរំឮកដោយការឈឺចាប់ថា កាលពីពេលកន្លងទៅ សំណង់របងដែលសាងសង់តាមបណ្តោយស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ ត្រូវបានថ្នាក់ដឹកនាំបញ្ជាឱ្យវាយកម្ទេចចោលភ្លាមៗ ដើម្បីពង្រឹងអំណាចច្បាប់។

ប៉ុន្តែដោយឡែកនៅស្រុកព្រៃកប្បាស សំណង់បុកគ្រឹះរឹងមាំរំលោភប្រឡាយដែលខុសច្បាប់ក្រឡែត បែបជាមន្ត្រីពាក់ព័ន្ធ “សម្ងំដេកលក់” ធ្វើមិនដឹងមិនឮទៅវិញ ដែលទង្វើអសកម្មនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិយ៉ាងខ្លាំង។ ​ លោកស្រី ប៊ុ គឹមលាង មេឃុំចំប៉ា បានទទួលស្គាល់ថា ពិតជាមានការបុកគ្រឹះសសរបេតុងចូលប្រឡាយមែន ដោយលោកស្រីអាងលើលេសថា “តាមសំណូមពរពលរដ្ឋដើម្បីធ្វើផ្លូវចូលរោងចក្រ”។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល លោកស្រីបានសារភាពទាំងចំហថា ខ្លួនមិនបានធ្វើរបាយការណ៍ ឬសុំច្បាប់ទៅថ្នាក់លើនោះទេ។ លោក ឌឹម គឹម សាន្ត អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស បានច្រានចោលការដឹងឮ លើការសុំច្បាប់នេះ ដោយទម្លាក់កំហុសទាំងស្រុងទៅលើ មេឃុំចំប៉ា។ លោកបានបញ្ជាក់ថា លោកដឹងរឿងនេះក្រោយពេលសារព័ត៌មានចុះផ្សាយប៉ុណ្ណោះ ហើយថែមទាំង បង្ហើបថាមានការចំណាយទឹកប្រាក់ដល់ទៅ ៣០០លានរៀល ក្នុងគម្រោងនេះ ប៉ុន្តែមិនដឹងថាខាងណាជាអ្នកចំណាយឡើយ។ 

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា៖  បើមានរឿងធំ គឺលោកស្រីមេឃុំជាអ្នកទទួលខុសត្រូវ។ ​តើការរុញដាក់គ្នារវាងអភិបាលស្រុក និងមេឃុំ គឺជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋឬ? តើទឹកប្រាក់ ៣០០លានរៀល ដែលលោកអភិបាលស្រុកលើកឡើងនោះ មានជាប់ពាក់ព័ន្ធនឹងការ “បើកដៃ” ឱ្យមានការរំលោភបំពាននេះដែរឬទេ? ​មហាជន និងអង្គភាពសារព័ត៌មានយើងខ្ញុំ កំពុងរង់ចាំមើលចំណាត់ការណ៍ពីសំណាក់ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីជម្រះមន្ទិល និងពង្រឹងភាពស័ក្តិសិទ្ធិនៃច្បាប់ កុំឱ្យមន្ត្រី “គ្រាប់ល្ពៅ” មួយចំនួនធ្វើអ្វីស្រេចតែអំពើចិត្ត បំផ្លាញប្រឡាយសាធារណៈដែលជាសរសៃឈាមកសិកម្មរបស់ពលរដ្ឋបែបនេះតទៅទៀត។ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី ​ នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជម្រាបជូនមហាជននូវព័ត៌មានពិត និងយុត្តិធម៌សង្គម។ អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន ។ ដោយ លោក វង់ សុខរដ្ឋា (ហៅ ប្រម៉ាញ់ ០១)