​ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបងចាត់បញ្ជូនកងកម្លាំងថ្មីឱ្យ ចុះបំពេញភារកិច្ចតាមអង្គភាព បន្ទាប់ ពីបញ្ចប់ វគ្គ បណ្ដុះ បណ្ដាលវិន័យ និងច្បាប់

បាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការអនុញ្ញាតផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបែងចែកភារកិច្ចជូនកងកម្លាំងនគរបាលជាតិ ដើម្បីទៅបំពេញការងារតាមបណ្តាអង្គភាពដែលបានចាត់តាំង។

​ការចាត់បញ្ជូនកងកម្លាំងនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលទាំងអស់ បានឆ្លងកាត់ការសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងផ្នែកជំនាញ ច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ អស់មួយរយៈពេលកន្លងមក។

​ក្នុងឱកាសនោះ លោកស្នងការរង បានផ្តាំផ្ញើ និងសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងនគរបាលដែលត្រូវចុះទៅបំពេញភារកិច្ចនៅតាមអង្គភាពនីមួយៗ នឹងត្រូវយកចំណេះជំនាញដែលបានរៀនសូត្រ ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការបម្រើជាតិ មាតុភូមិ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។ ជាពិសេស ត្រូវកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាកម្លាំងបង្អែកដែលជាទីទុកចិត្ត និងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជននៅតាមមូលដ្ឋាន។ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន