ខេត្តប៉ៃលិន៖នៅថ្ងៃចន្ទ ៦ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងលោកស្រី ប្រាក់ ស្រីពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើង នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោកស្រី ស្នងការរង និងមន្ត្រីនគរបាលជានារីទូទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះស្ត្រីនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច និងការអភិវឌ្ឍន៍សង្គមជាតិ។ លោកស្នងការ បានលើកឡើងបន្ថែមអំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការចូលរួមលើកកម្ពស់សន្តិភាព សន្តិសុខ និងសុខុមាលភាពគ្រួសារ ព្រមទាំងជំរុញឱ្យស្ត្រីបន្តអភិវឌ្ឍសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនអង្គភាព និងសង្គមជាតិ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានផ្តល់ជូនអំណោយលើកទឹកចិត្តដល់មន្ត្រីនគរបាលជានារី ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះតួនាទីសំខាន់របស់ស្ត្រី។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងបង្ហាញពីការគាំទ្រដល់សិទ្ធិ និងតួនាទីរបស់ស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។សារឿន នាគខៀវ




