តើច្បាប់ភូមិ-ឃុំមានសុវត្ថិភាព នៅមានប្រសិទ្ធភាពទេ? បនល្បែងខ្នាតធំនៅរតនគិរី កំពុងបញ្ឆេះកំហឹងមហាជន ខណៈអាជ្ញាធរហាក់រក្សាភាពស្ងប់ស្ងាត់​


​​រតនគិរី  កំពុងក្លាយជាប្រធានបទក្ដៅគគុក និងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈមហាជន និងអ្នកសារព័ត៌មានកំពុងដាក់ការតាមដានយ៉ាងស្អិតរមួត ចំពោះចំណាត់ការរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏ដូចជារដ្ឋបាលខេត្ត ជុំវិញវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ខ្នាតធំមួយ ដែលល្បីថាមាន «ខ្នងបង្អែករឹងដូចដែកថែប»។

​តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦នេះ បានទម្លាយថា ទីតាំងល្បែងស៊ីសងខ្នាតធំដែលដឹកនាំដោយបុគ្គលឈ្មោះ ងួន វណ្ណា (ហៅអូនធំ )កំពុងដំណើរការយ៉ាងរលូន ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ ប្រភពដដែលបានបង្ហើបថា មូលហេតុដែលទីតាំងនេះអាចឈរជើងបាន គឺដោយសារមានការកាងពីក្រោយខ្នងដោយ «លោកឧកញ៉ា» ម្នាក់ ដែលធ្វើឱ្យអាជ្ញាធរ ហាក់មានភាពរារែក និងមិនហ៊ានប៉ះពាល់។
​មហាជនបានលើកឡើងនូវប្រសាសន៍ដិតដាមជាប់ក្នុងចិត្តរបស់ ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលលោកធ្លាប់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា៖ ក្នុងខេត្តរតនគិរីមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងជាដាច់ខាត។

ប៉ុន្តែ រូបភាពជាក់ស្ដែងនៅពេលនេះ កំពុងធ្វើឱ្យពលរដ្ឋដាក់សញ្ញាសួរថា តើប្រសាសន៍ដ៏មានអត្ថន័យនេះ គ្រាន់តែជាការសន្យាខ្យល់ ឬយ៉ាងណា?

តើអាជ្ញាធរខេត្តរតនគិរី នឹងបង្ហាញសាច់ដុំ ឬសុខចិត្តរក្សាភាពស្ងប់ស្ងាត់ដើម្បី «ឆ្នាំងស៊ុប» ដ៏មានឱជារសមួយនេះ?

តើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នឹងត្រូវរលាយបាត់រូបរាង  ដោយសារតែឥទ្ធិពលទឹកប្រាក់ និងខ្នងបង្អែករបស់បុគ្គលឯកជនឬ?

​ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាលខេត្ត នឹងមិន «ឈរឱបដៃបែរខ្នង» ឬធ្វើមិនដឹងមិនឮចំពោះទង្វើល្មើសច្បាប់នេះឡើយ ដើម្បីរក្សាកិត្តិយស និងជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋ។

​យើងខ្ញុំនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះប្រតិកម្មរហ័សពីសំណាក់អ្នកនាំពាក្យសាលាខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីនាំយកការពិតមកជម្រាបជូនសាធារណជនឱ្យបានជ្រាបជាបន្តទៀត៕

អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។