​ត្អូញត្អែរពេញ ច្រកទ្វារភ្នំដិន អាជីវកររិះគន់លោកនាយប៉ុស្តិ៍ថ្មីថា បើកដៃឲ្យទំនិញគេចពន្ធហូរចូលជាថ្នូរ និងការបង់លុយ លើតុ ក្រោមតុ

​ខេត្តតាកែវ  លោក ឈួនសុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អាជីវករ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធប្រមូលលុយ “លើតុ ក្រោមតុ” ពីក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា។
​តាមប្រភពពីអាជីវករបានទម្លាយឱ្យដឹងថា ចាប់តាំងពីលោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា ឡើងកាន់តំណែងជានាយប៉ុស្តិ៍ថ្មីមក ភាពមិនប្រក្រតីបានកើតឡើង យ៉ាងខ្លាំងក្លា។ លោកត្រូវបានគេចោទប្រកាន់ថា បានដាក់ពង្រាយកម្លាំងមន្ត្រីក្រោមឱវាទ រួមទាំងជនស៊ីវិលដើរតួជា “មេការ” ចាំរាប់ក្បាលឡាន និងប្រមូលលុយពីឈ្មួញដែលដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផ្សេងៗ។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា កើតឡើងទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។
​បើមិនបង់លុយ តាមការកំណត់គឺមិនអាចឆ្លងឡានបានឡើយ នេះគឺជាសម្រែកដង្ហោយពីក្រុមអាជីវករ ដែលបានត្អូញត្អែរថា ពួកគេគ្មានជម្រើសក្រៅពីការបង់លុយតាមការបង្គាប់របស់លោកនាយប៉ុស្តិ៍នោះទេ ដើម្បីឱ្យការរកស៊ីអាចបន្តទៅមុខបាន។ សកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមន្ត្រីក្រោមឱវាទមួយចំនួនដែលមានមនសិការ សម្តែងការមិនពេញចិត្តចំពោះការដឹកនាំបែបបក្សពួកនិយមនេះផងដែរ។
​ប្រភពផ្ទៃក្នុងពីច្រកទ្វារភ្នំដិន បានបង្ហើបថា ការហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់លោក ឈួន សុវណ្ណនរា បែបនេះ គឺដោយសារតែរូបលោកអាងមាន “ខ្នងបង្អែករឹងមាំ” នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការ ឃុប ឃិតគ្នាជាប្រព័ន្ធជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនៅមាត់ច្រក។
​ពាក់ព័ន្ធនឹងករណីអំពើពុករលួយដែលត្រូវបានមហាជនលាតត្រដាងនេះ អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តតាកែវ សូមគោរពស្នើសុំដល់៖
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វវាសនា អគ្គនាយកអន្តោប្រវេសន៍

​ឯកឧត្តម វីសំណាងអភិបាលខេត្តតាកែវ
​មេត្តាដាក់មន្ត្រីជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវដោយក្តីអនុគ្រោះ។
ដើម្បីលុបបំបាត់ភាព មិនប្រក្រតី នៅច្រកទ្វារអន្តរជាតិភ្នំដិន និងដើម្បីពង្រឹងប្រសិទ្ធភាពច្បាប់ ក៏ដូចជាកសាងជំនឿចិត្តដល់សាធារណជនឡើងវិញ៕
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។