អភិបាលខេត្តប៉ៃលិនទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋទូតចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ

​ប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាងវិ នប៊ីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីសិក្សាពីសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តប៉ៃលិន និងភាគីចិន។
​ក្នុងជំនួបនោះ លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងការរីកចម្រើននៃសេដ្ឋកិច្ចខេត្ត។ លោកជំទាវបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជា មិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន។ កន្លងមក រដ្ឋាភិបាល និងប្រជាជនចិន បានជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់ខេត្តប៉ៃលិន លើវិស័យសំខាន់ៗដូចជា៖
​កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
​ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ) និងប្រព័ន្ធធារាសាស្ត្រ។
​ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនប៊ីន បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តប៉ៃលិន។ ឯកឧត្តមបានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។
​ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរកម្ពុជា និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងក្នុងការបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីឫសគល់។ បន្ថែមពីនេះ ឯកឧត្តមនឹងបន្តជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសនៅក្នុងខេត្តប៉ៃលិន ដើម្បីរួមចំណែកដល់ការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច៕
ដោយនាគខៀវ ស សារឿន