បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ និងអធិការដ្ឋានក្រុង/ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខជាតិ។
ក្នុងកិច្ចប្រជុំនោះ លោកស្នងការបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣ ដើម្បីត្រៀមលក្ខណៈមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ត្រូវបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងពង្រឹងសុវត្ថិភាពតាមបណ្ដាយព្រំដែនឱ្យបានដាច់ខាត។
ត្រូវតាមដាន និងមានវិធានការច្បាប់ភ្លាមៗ ចំពោះរាល់ការចែកចាយព័ត៌មានមិនពិតដែលមានចរិតបង្កចលាចល និងប៉ះពាល់ដល់ស្ថិរភាពសង្គម។ការងារអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ម៉ោងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីការពារសុវត្ថិភាពជូនក្បួនប្រតិភូថ្នាក់ដឹកនាំ ក៏ដូចជាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះធម្មជាតិ ឬអគ្គិភ័យកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាឱ្យបាននូវស្នាមញញឹម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

