កំពង់ស្ពឺ៖ កំហឹងទោសៈមោហៈមួយឆាវ បានធ្វើឲ្យបុរសជាកូនប្រសារម្នាក់ បាត់បង់មនសិការ រហូតហ៊ានប្រើហិង្សាលើឪពុកក្មេកខ្លួនឯង បណ្ដាលឲ្យរងរបួសបែកក្បាលដេរជាច្រើនថ្នេរ។ ករណីហិង្សាក្នុងគ្រួសារដ៏គួរឲ្យញាក់សាច់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៥០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ ឃឹមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ែល សុភ័ក្រភេទប្រុស អាយុ ៣៦ឆ្នាំ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ប៉េន អោម ភេទប្រុស អាយុ ៦៧ឆ្នាំ (ត្រូវជាឪពុកក្មេក) បានមានជម្លោះពាក្យសម្តីនឹងគ្នា។ ដោយសារកំហឹងខឹងនឹងឪពុកក្មេកស្ដីបន្ទោសឱ្យខ្លួន ជនសង្ស័យបានទាញកាំបិតផ្គាក់ រួចប្រើខ្នងកាំបិតកាប់ទៅលើជនរងគ្រោះចំក្បាលយ៉ាងដំណំ បណ្ដាលឲ្យបែកក្បាលដេរចំនួន ០៤ថ្នេរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាកាប់ទៅលើឪពុកក្មេកពិតប្រាកដមែន ដោយសារខឹងខ្លាំងពេក។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួន ០១ដើមផងដែរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។នេះគឺជាមេរៀនមួយដាស់តឿនដល់ការគ្រប់គ្រងអារម្មណ៍ក្នុងគ្រួសារឯកសារមិនមែនជាដំណោះស្រាយឡើយ
ប៉ុន្តែវាគឺជាផ្លូវឆ្ពោះទៅរកពន្ធនាគារ។ ដោយមុត ចិត្រា ប្រម៉ាញ់ជាយដែន


