បាត់ដំបង ៖ ក្នុងស្មារតី “រួមសុខ រួមទុក្ខ” និងមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលក្នុងគ្រាមានអាសន្ន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហមសំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន បានបង្ហាញនូវសកម្មភាពមនុស្សធម៌យ៉ាងគួរឱ្យគោរព ដោយបានដឹកនាំមន្ត្រីរាជការចុះដោយផ្ទាល់ ដើម្បីជួយសាងសង់ជម្រក និងនាំយកស្បៀងអាហារ ថវិកា ក៏ដូចជាសម្ភារសំណង់ ជូនដល់គ្រួសាររងគ្រោះ។
ស្ថិតក្នុងទឹកមុខស្រស់ស្រាយ និងភាពស្និទ្ធស្នាល លោកអភិបាលស្រុកបានចុះទៅដល់ភូមិទឹកថ្លា ឃុំអង្គរបាន ដើម្បីសួរសុខទុក្ខ និងផ្ដល់ជំនួយដល់ លោក បូរសុគុន ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារគ្រាប់ផ្លោង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ អំណោយដែលត្រូវបានប្រគល់ជូនរួមមាន៖
អង្ករ ចំនួន ២០ គីឡូក្រាម
ថវិកា ចំនួន ២០០,០០០ រៀល
ស័ង្កសីចំនួន ២១ សន្លឹក (ប្រវែង ២.៥ ម៉ែត្រ)
លោកអភិបាលបានដឹកនាំមន្ត្រីរាជការជួយសាងសង់ផ្ទះបណ្ដោះអាសន្នដោយផ្ទាល់ដៃ។
សកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយសម្ភារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវ ភាពជាអ្នកដឹកនាំដែលស្ថិតនៅក្បែរ កៀកកិត ជាមួយរាស្ត្រ។ ការដែលលោកអភិបាលស្រុកចុះជួយសាងសង់ផ្ទះដោយផ្ទាល់ គឺជាគំរូដ៏ល្អប្រពៃនៃមន្ត្រីបម្រើរាស្ត្រ ដែលយល់ច្បាស់ពីសុខទុក្ខ និងការលំបាករបស់ប្រជាជន ពិសេសក្នុងកាលៈទេសៈដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។
ទង្វើដ៏សប្បុរសនេះ បានធ្វើឱ្យក្រុមគ្រួសាររងគ្រោះ ក៏ដូចជាអ្នកភូមិទាំងមូល សម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំស្រុក ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។ ដោយចិត្រា ប្រម៉ាញ់ជាយដែន

