ស្ទឹងត្រែង÷ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំមួយ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបជាក់ស្ដែងនូវករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា នៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖
១.ឈ្មោះខឿនឡុំភេទប្រុស អាយុ ៣៨ឆ្នាំ (កសិករ រស់នៅខេត្តស្ទឹងត្រែង)។
២.ឈ្មោះនៅ វិសិទ្ធភេទប្រុស អាយុ ៣៦ឆ្នាំ (ជាងឡាន រស់នៅខេត្តក្រចេះ)។ បញ្ជាក់ជននេះមានដីកាចាប់ខ្លួនចំនួន ៣ រួចជាស្រេចពីនៅខេត្តក្រចេះ និង មួយនៅខេត្តមណ្ឌលគិរី។ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
៣.ឈ្មោះ ញឹម សុខាភេទប្រុស អាយុ ៣២ឆ្នាំ (បុគ្គលិកលាងឡាន រស់នៅខេត្តក្រចេះ)។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាននូវ៖
គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(lCE)ចំនួន ០៥ដុំធំ ដែលមានទម្ងន់សរុប ៤គីឡូ ក្រាមនិង៩៣២.៩៩ក្រាម។
រថយន្ត៖ ០១គ្រឿង និងម៉ូតូ(wave)០១គ្រឿង។
ទូរសព្ទដៃ៖ ០៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីវែកមុខរកបក្សពួក និងមេក្លោងដែលនៅសេសសល់មកផ្ដន្ទាទោសឱ្យខានតែបាន។ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន។

